គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (National Olympic Committee of Cambodia) ហៅកាត់ថា NOCC មានប្រភពដើមចេញពីឈ្មោះគណៈកម្មាធិការអូឡាំពិកខ្មែរ ដែលទទួលស្គាល់ដោយគណ:កម្មាធិការអូឡាំពិកអន្តរជាតិ International Olympic Committee ( IOC ) ឆ្នាំ ១៩៦៤។
ក្រោយបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេស គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបងើ្កតឡើងវិញ ដោយទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ កាលពីខែ មិថុនា ឆ្នាំ ១៩៩៤ ក្នុងលំដាប់ទី ១៩៦។
បច្នុប្បន្នគណ:កម្មាធិការអូឡាំពិកអន្តរជាតិមានសមាជិកចំនួន ២០៤ប្រទេស។ គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា ជាសមាជិករបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី Olympic Council of Asia ( OCA ) ក្នុងចំណោម ៤៥ ប្រទេសនៅ ក្នុងទ្វីបអាស៊ី ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាសមាជិកស្ថាបនិកមួយក្នុងចំណោមសមាជិកស្ថាបនិកទាំង ៦ របស់ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ SEA Games Federation ( SEAGF ) ដែលបានចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៥៩ នៅទីក្រុង Bangkok ប្រទេសថៃ ។ សមាជិកស្ថានិកទាំង ៦ រួមមាន កម្ពុជា វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី និង ថៃ។
ចក្ខុវិស័យ
ប្រទេសកម្ពុជា មានបរិយាកាសអំណោយផលដល់ការចូលរួមលេងកីឡា និងទាក់ទាញប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឲ្យលេងកីឡាបានច្រើន ដើម្បីបណ្តុះបណ្តាលឱ្យបានអត្តពលិកកម្រិតខ្ពស់ ឈានទៅដណ្តើមជ័យលាភីល្អៗជូនជាតិ។
គុណតម្លៃសំខាន់ៗ
សារសំខាន់នៃកីឡា៖
បង្កើតប្រភេទកីឡាឲ្យបានច្រើន ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋលេងឱ្យបានគ្រប់ៗគ្នា។
បង្កើនតម្លៃកីឡា៖
ធ្វើឲ្យមានឧត្តមភាពកីឡាគ្រប់ប្រភេទ គ្រប់កម្រិត ដើម្បីបង្កើនគុណតម្លៃកីឡា។
បង្កើនការទាក់ទាញឲ្យលេងកីឡា៖
សកម្មភាពកីឡាគ្រប់ប្រភេទ អាចជួយឲ្យសហគមន៍សម្រេចបានគោលដៅរបស់ខ្លួន។
បេសកកម្ម
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាអង្គការកីឡាជាតិ ដែលមានបេសកកម្មដឹកនាំសហព័ន្ធកីឡាជាតិ ផ្តល់ចំណេះដឹងគោលការណ៍កីឡា និងផ្តល់ឱកាសអោយពលរដ្ឋកម្ពុជាគ្រប់រូប បានចូលរួមលេងកីឡា ចាប់ពីកម្រិតមូលដ្ឋាន, កីឡាកម្សាន្ត, កីឡាប្រកួតប្រជែង និងកីឡាកម្រិតខ្ពស់។
សញ្ញាពាណិជ្ជកម្ម
សញ្ញាពាណិជ្ជកម្មរបស់យើងខ្ញុំបង្ហាញពី – ការខិតខំតស៊ូដើម្បីភាពអស្ចារ្យ – ជាមួយនិងការជម្រុញក្រុមអត្តលិកកម្ពុជា ការលើកកម្ពស់មុខមាត់ជាតិជាមួយឥទ្ធិពលនៃសមិទ្ធផលរបស់ពួកគេ និងតំណាងឱ្យបាវចនាក្នុងការបំផុសគំនិតយើងទាំងអស់គ្នា ឲ្យជឿជាក់ថា យើងសុទ្ធតែអាចសម្រេចជោគជ័យរបស់យើងរៀងៗខ្លួន។
តួនាទី
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (គ.ជ.អ.ក) មានតួនាទីចម្បងចំនួន២៖
ទី១៖ រៀបចំ និងដឹកនាំក្រុមកីឡាករ កីឡាការិនីឆ្នើមកម្ពុជា ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ អូឡាំពិករដូវរងា អូឡាំពិកយុវជន កីឡាអាស៊ី និងកីឡាស៊ីហ្គេម។ គ.ជ.អ.ក សហការជាមួយសហព័ន្ធកីឡាជាតិ ក្នុងការជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗ សម្រាប់តំណាងក្រុមអត្តពលិកកម្ពុជា ចូលរួមប្រកួតកម្រិតកីឡាអូឡាំពិក ទ្វីបអាស៊ី និងតំបន់ ដែលជាការប្រកួតប្រជែងដ៏អស្ចារ្យលើពិភពលោក។
ពហុកីឡដ្ឋានជាតិអូឡាំពិក
ផ្ទះលេខ ១ មហាវិថីសាធារណៈរដ្ឋប៉ូឡូញ (១៦៣),
ភ្នំពេញ ១២០៣០៧ ព្រះរាជាណាចក្រកម្ពុជា។