(ភ្នំពេញ)៖ ក្រោយទទួលបានឱកាសដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមគ្រូបង្វឹកបណ្ដោះអាសន្ន កាលពីចុងឆ្នាំ២០២៤ ពេលនេះ លោក Koji Gyotoku បានទទួលសេចក្ដីទុកចិត្តពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ក្នុងការប្រកាសលោកជាគ្រូបង្គោលផ្លូវការរបស់ក្រុមជម្រើសជាតិកម្ពុជា(ក្រុមធំ) និងក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ សម្រាប់ឆ្នាំ២០២៥ នេះ ។
យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ នៅព្រឹកថ្ងៃទី១០ ខែមីនា បានបញ្ជាក់ថា «សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសជូនអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ឲ្យបានជ្រាបថា លោក Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ជាផ្លូវការ ដែលកុងត្រារបស់លោកមានរយៈពេល ១ឆ្នាំ» ។
សូមរំឮកថា ក្រោយចែកផ្លូវជាមួយគ្រូបង្វឹកលោក Felix Dalmas កាលពីខែតុលា សហព័ន្ធបានតែងតាំងលោក Koji ជាគ្រូបង្វឹកបណ្ដោះអាសន្ន ដើម្បីដឹកនាំក្រុមគោព្រៃកម្ពុជា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFF Cup 2024 ហើយជាលទ្ធផល គឺបានឈរលេខ៤ ក្នុងពូល ដោយរកបាន ៤ពិន្ទុ បន្ទាប់ពីថៃ សិង្ហបុរី និងម៉ាឡេស៊ី ហើយពានប្រចាំតំបន់នេះ គ្រងជើងឯកដោយក្រុមជម្រើសជាតិវៀតណាម ។
យោងតាមផែនការរបស់សហព័ន្ធ ក្រោយក្លាយជាគ្រូបង្គោលលោក Koji Gyotoku នឹងត្រូវដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាព ២ប្រកួតក្នុងខែមីនានេះ ដោយត្រូវជួបក្រុមជម្រើសជាតិវៀតណាម នាថ្ងៃទី១៩ ខែមីនា នៅខេត្ត Binh Duong និងជួបក្រុមជម្រើសជាតិ Aruba នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែមីនាខាងមុខ ។ អ្វីដែលពិសេសគឺការដឹកនាំក្រុមជម្រើសជាតិ U23 កម្ពុជា ត្រៀមការប្រកួតស៊ីហ្គេម លើកទី៣៣ នៅថៃ នាចុងឆ្នាំ២០២៥ នេះតែម្ដង ៕