អត្តពលិកប្រមាណជាង ១,៨០០នាក់ មកពី ៥០ប្រទេស លើពិភពលោក នឹងចូលរួមទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ "Angkor Ultra Trail" លើកទី៨ នៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ស្អែកនេះ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។
ឯកឧត្តម បានឲឱ្យដឹងថា យោងតាមព័ត៌មានបឋមចុងក្រោយ គឺមានអត្តពលិកជាង ១,៨០០នាក់ មកពី ៥០ប្រទេស បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ ហើយប្រទេសដែលមានអត្តពលិកចូលរួមច្រើនជាងគេ មាន: បារាំង កម្ពុជា វៀតណាម ថៃ និងអាមេរិកជាដើម អត្តពលិកភាគច្រើនបានធ្វើដំណើរមកដល់ខេត្តសៀមរាប ២ ទៅ ៣ថ្ងៃ មុនព្រឹត្តិការណ៍ចាប់ផ្ដើម ។
ឯកឧត្តម វ៉ាត់ ចំរើន បន្ដថា «ការចុះឈ្មោះរបស់អត្តពលិកជាតិ និងអន្ដរជាតិ ក្នុងព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ "Angkor Ultra Trail" ឆ្នាំនេះ បានប្រព្រឹត្តទៅតាមការគ្រោងទុក។ រីឯ ដំណើរការរៀបចំក៏ប្រព្រឹត្តទៅយ៉ាងរលូន ដោយមានកិច្ចសហការល្អពីរដ្ឋបាល និងអាជ្ញាធរខេត្តសៀមរាប ក៏ដូចជាការជួយសម្របសម្រួលពីអាជ្ញាធរអប្សរា និងគ្រឹះស្ថានអង្គរជាដើម ដែលជំរុញឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងភាគីបារាំង(ក្រុមហ៊ុន Phoenix Voyages) ដំណើរការរៀបចំនេះបានល្អប្រសើរ» ។
ឯកឧត្តមបន្ថែមថា «ឥឡូវនេះ អ្នកចុះឈ្មោះ បានមកដល់សៀមរាប អ្នកខ្លះមកមុន ២ ទៅ ៣ថ្ងៃ ពិសេសម្រាប់អ្នកចូលរួមរត់ចម្ងាយ ១០០គីឡូម៉ែត្រ ដើម្បីត្រៀមលក្ខណៈ និងហ្វឹកហាត់មុន។ ការមកយូរ និងស្នាក់នៅយូរបែបនេះ គឺជាអ្វីដែលយើងចង់បាន ដែលផ្ដល់នូវអត្ថប្រយោជន៍សម្រាប់ទេសចរណ៍ សេដ្ឋកិច្ច និងជួយដល់ប្រតិបត្តិករទេសចរណ៍នៅសៀមរាប ។ ជាទូរទៅព្រឹត្តិការណ៍នេះ ជាចំណែកមួយដ៏សំខាន់ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យ NOCC រៀបចំនេះឡើង» ។
គួរដឹងថា ព្រឹត្តិការណ៍ Angkor Ultra-Trail លើកទី៨ ឆ្នាំ២០២៥ នេះ គឺមានរៀបចំនួន ៦វិញ្ញាសា រួមមានវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ ៕