divider

ទ្រីយ៉ាត្លុងកម្ពុជា ប្តេជ្ញាចិត្តដុសខាត់សមត្ថភាពយុវជនឱ្យខ្លាំងក្លា ចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី

news details
SPORT NEWS
ព្រហស្បតិ៍ ២៤ មេសា ២០២៥
facebook
facebook
២៤ មេសា ២០២៥
SPORT NEWS

ភ្នំពេញ៖ អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បានប្រាប់អ្នកព័ត៌មានកីឡាថា បេសកម្មចូលរួមប្រជែងដណ្តើមមេដាយ កីឡាយុវជនអាស៊ី ដែលប្រទេសប៉ារ៉ែន ធ្វើជាម្ចាស់ផ្ទះ ដែលនិងប្រព្រឹត្តិទៅនាអំឡុង ខែ តុលា ឆ្នាំ២០២៥ ខាងមុខនេះ សម្រាប់ប្រភេទកីឡាទ្រីយ៉ាត្លុង គឺបញ្ជូន កីឡាករ ក្រោមអាយុ១៧ឆ្នាំ ២ រូប ប៉ុន្តែ ២ រូបដែលត្រូវជ្រើសរើសនេះ មិនទាន់សម្រេចយកនរណានោះទេ ពោលគឺកំពុងដុសខាត់ និងជ្រើសរើសយក កីឡាករ ដែលមានទេពកោសល្យ និងលេចធ្លោ។

អគ្គលខាធិការខាងលើ បានគូបញ្ជាក់ថា ក្រុមជម្រើសជាតិ កីឡាទ្រីយ៉ាត្លុងកម្ពុជា ទាំងឈុតធំ និងឈុតយុវជន កំពុងបង្កើនការហ្វឹកហាត់ជុំគ្នា ក្រោមការប្រមូលផ្តុំរបស់ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀម កីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសប៉ារ៉ែន និងត្រៀមចូលរួមប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី ៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥ ផងដែរ។ 

អគ្គលេខាធិការរូបនេះ មិនទាន់ហ៊ានសន្យាចំពោះលទ្ធផល មេដាយ ដែលដណ្តើមបានជូន កម្ពុជា នោះទេទោះបី ប្រកួតក្នុងកម្រិតយុវជន ក្រោម១៧ឆ្នាំក្តី ប៉ុន្តែនេះជាការប្រកួតកម្រិតទ្វីបអាស៊ី ដែលមានប្រទេសធំៗ ខ្លាំងៗ ដូចជា ជប៉ុន កូរ៉េ ចិន ជាដើមដែលចូលរួម ហើយវាពិបាកសម្រាប់យើងក្នុងការដណ្តើមមេដាយ ដូច្នេះត្រូវបន្តហ្វឹកហាត់ឱ្យខ្លាំងក្លាបន្ថែមទៀត មុនដល់ពេលចេញប្រកួត។

ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៣ នៅប្រទេសបារ៉ែន នេះគ្រោងនឹងធ្វើឡើងនៅពីថ្ងៃទី ២២-៣១ ខែតុលា ឆ្នាំ២០២៥ ដែលមានប្រភេទកីឡាសរុប ២១ ខណៈ កម្ពុជា នឹងបញ្ជូន កីឡាករ កីឡាការិនី ទៅចូលរួមចំនួន ១៧ ប្រភេទកីឡា ក្នុងនោះ កម្ពុជា ក៏ទទួលទង់បន្តវេនមករៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាយុវជនអាស៊ី នៅកម្ពុជា នាឆ្នាំ២០២៩ ផងដែរ៕