(វ៉ាស៊ីនតោន)៖ ប្រភេទកីឡាប្រដាល់សកល នឹងនៅតែបន្តឈរជើងក្នុងព្រឹត្តិការណ៍កីឡាចម្រុះ អូឡាំពិករដូវក្តៅដដែល ជាពិសេសនៅ LA 2028 ដែលមាន សហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះ។
នេះមានន័យថា ប្រភេទកីឡាមួយនេះ នឹងនៅតែមានវត្តមានប្រកួតប្រជែងមេដាយ ក្នុងកម្មវិធីធំលំដាប់ពិភពលោកជារៀងរាល់ ៤ឆ្នាំម្តង គិតចាប់តាំងពីឆ្នាំ១៩០៤ មក។
នៅចាំបានថា ប្រដាល់បានស្ថិតក្នុងប្រភេទកីឡាជាច្រើនទៀត ដែលត្រូវបានប្រកាសដកចេញពី LA 2028 ក៏ប៉ុន្តែកាលពីខែមុន សហព័ន្ធប្រដាល់ពិភពលោកបានទទួលស្គាល់ ក្នុងការដាក់បញ្ចូលកីឡានេះទៅក្នុងអូឡាំពិកវិញ ដោយរង់ចាំសេចក្តីសម្រេចចុងក្រោយពី គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ប៉ុណ្ណោះ ដែលមានលោក Thomas Bach ជាប្រធាន។
ទាក់ទងទៅនឹងបញ្ហានេះ លោក Bach បានថ្លែងឱ្យដឹងកាលពីថ្ងៃចន្ទ ម្សិលមិញនេះ ដែលត្រូវបានដកស្រង់ចេញពីការផ្សាយដោយ BBC ថា «ក្រោយពេលទទួលការឯកភាពពី World Boxing នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ជាលទ្ធផលវិជ្ជមានក្នុងសេចក្តីសម្រេចចិត្ត ដែលញាំងឱ្យអត្តពលិកអាចប្រកួតប្រជែងមេដាយនៅ LA នាពេលខាងមុខបបាន»។
ជាការកត់សម្គាល់ IOC បានដឹកនាំប្រដាល់នៅអូឡាំពិក ២សម័យកាលចុងក្រោយ បន្ទាប់ពីសហព័ន្ធប្រដាល់អន្តរជាតិ ហៅកាត់ថា IBA ត្រូវបានដកបញ្ឈរជើងកាលពីឆ្នាំ២០១៩ ដោយសារបញ្ហាគ្រប់គ្រង បញ្ហាហិរញ្ញវត្ថុ អាជ្ញាកណ្តាល និងបញ្ហាវិន័យផងនោះ៕