ក្រោមជំនួយឧបត្ថម្ភរបស់សាមគ្គីអូឡាំពិក (OS) តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាហុកគីកម្ពុជា សហការបច្ចេកទេសជាមួយសហព័ន្ធកីឡាហុកគីអន្តរជាតិ(FIH) បានរៀបចំវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយកីឡាហុកគីដល់អត្តពលិកវ័យក្មេង និងមន្ត្រីបច្ចេកទេស នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងបានបញ្ជូនអត្តពលិកវ័យក្មេង និងគ្រូបង្វឹកទៅចូលរួមបោះជំរំហ្វឹកហាត់ក្នុងកម្មវិធី FIH World Youth Hockey5s Fest ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសម៉ាឡេស៊ី ដែលមានអត្តពលិកចូលរួមសរុបប្រមាណ ២០០នាក់ មកពី១០ប្រទេស។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាវាយហុកគីឱ្យដឹងថា វគ្គនេះពិតជាសំខាន់សម្រាប់កម្ពុជា ព្រោះអត្តពលិកចូលរួមសុទ្ធសឹងជាក្រុមថ្នាល អាយុក្រោម ១៦ឆ្នាំសម្រាប់សហព័ន្ធ។ ការបោះជំរំហ្វឹកហាត់នេះមានប្រទេសច្រើនមកពីអាស៊ី និងអាហ្វ្រិក ហើយចំពោះក្រុមកម្ពុជាវិញ ទោះបីការប្រមូលផ្ដុំក្នុងរយៈពេលដ៏ខ្លី តែមានឆន្ទៈក្នុងការហ្វឹកហាត់ និងត្រៀមខ្លួនចូលរួម។ ប្រសិនបើឆ្នាំក្រោយ ឬទៅមុខទៀត បើមានគោលការណ៍ប្រមូលផ្ដុំហ្វឹកហាត់ដូចក្រុមធំ សហព័ន្ធបានត្រៀមរៀបចំសម្រាប់ការងារនេះ រួចហើយ។
លោក កាំង សុធា សង្កត់ធ្ងន់ថា ទោះបីការបោះជំរំហ្វឹកហាត់មានរយៈពេលដ៏ខ្លី តែមានសារៈសំខាន់ខ្លាំង ហើយលោកក៏បានអំពាវនាវឱ្យមានការចូលរួមលើកទឹកចិត្តបន្ថែមទៀត ពីអង្គការសាមគ្គីអូឡាំពិក ដើម្បីធនធានទាំងកីឡាករ កីឡាការិនី និងមន្ត្រីជំនាញ៕