divider

ក្បាច់ក្រពើហា ខ្លាក្រាប និងស្រងែពែន ជាក្បាច់ នៃស្នៀតចំបាប់ខ្មែរ

news details
MMA
ព្រហស្បតិ៍ ០៦ កុម្ភៈ ២០២៥
facebook
facebook
០៦ កុម្ភៈ ២០២៥
MMA

លោក សេង ប៊ុនសុង ព្រឹទ្ធាចារ្យគុនខ្មែរ និងជាអតីតអ្នកគុននិយមខ្មែរទសវត្សរ៍៨០ បានពន្យល់ថាស្នៀតចំបាប់ខ្មែរសព្វថ្ងៃ គឺមកពីពាក្យថាស្នៀតស្វាប្រចាប់ ហើយក៏ក្លាយជាចំបាប់។ តាមការយល់ឃើញរបស់ព្រឹទ្ធាចារ្យរូបនេះ ស្នៀតចំបាប់ ឬស្នៀតស្វាប្រចាប់នេះ មានធាតុផ្សំ៣ក្បាច់សំខាន់ៗ គឺក្បាច់ក្រពើហារ ខ្លាក្រាប និងស្រងែពែន។

យោងតាមវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ«ចំបាប់» មានន័យថា អាការដែលមនុស្ស ២នាក់ ឬច្រើននាក់ចាប់គ្នាបោកផ្ដួល។ ឧទាហរណ៍ ចំបាប់គ្នា គឺប្រចាប់គ្នាបោក ឬផ្ដួលដោយស្នៀត ឬកម្លាំង។ 

 

ការពន្យល់ខាងលើ ដូចគ្នាទៅនឹងសកម្មភាព និងរូបភាពនៃកីឡាចំបាប់ ដែលមានលាយឡំ បច្ចេកទេស និងកម្លាំងកាយ ដែលកីឡាករ-កីឡាការិនីម្នាក់ៗត្រូវមាន និងមានបទបញ្ជា វិន័យ នៃការប្រកួតត្រឹមត្រូវនិងជាលក្ខណៈអន្ដរជាតិ។

លោក សេង ប៊ុនសុង បានពន្យល់ពីភាពខុសប្លែកគ្នារវាង ពាក្យ«ស្នៀត» នឹង«ក្បាច់»។ «ស្នៀតគុន» គឺសំដៅលើមេ ឬជាគោលនៃក្បាច់គុន។


ចំណែក«ក្បាច់គុន» គឺជាកត្ដាដែលបំបែកចេញពីស្នៀតគុន។ ឧទាហរណ៍ ក្បាច់ក្រពើហា ខ្លាក្រាប និងស្រងែពែន គឺជាក្បាច់ នៃស្នៀតស្វាប្រចាប់ ឬចំបាប់ខ្មែរ។

ព្រឹទ្ធាចារ្យគុនរូបនេះ បានប្រាប់ថាស្នៀតចំបាប់ខ្មែរ គឺមានយូរណាស់មកហើយ ដោយអ្នកគុននិយមរូបនេះ សំអាងលើចម្លាក់ និងភស្ដុតាងមួយចំនួន នៅប្រាសាទអង្គរវត្ត។ លោក ប៊ុនសុង បានពន្យល់ថា ស្នៀតចំបាប់ខ្មែរ ត្រូវបានយកគំរូតាមសត្វស្វា ដែលមានភាពរហ័សរហួន។ ស្នៀតចំបាប់ខ្មែរ ពីដើមត្រូវបានអ្នកហាត់គុនបុរាណ ហៅថា«ស្នៀតស្វាប្រចាប់»។

 

ព្រឹទ្ធាចារ្យគុនរូបនេះ បាននិយាយថា៖ «ក្បួនបុរាណ យើងមានស្នៀតស្វាប្រចាប់។ មូលហេតុ ដែលគេយកសត្វស្វាមកដាក់ក្នុងក្បាច់នេះ គឺដោយសារតែ ស្វារហ័ស ហើយវាចាប់លឿន គេចលឿន និងបង្វិលខ្លួនលឿន។ ស្វាវាគេចលឿន ក្បាច់គេចមុខ គេចក្រោយបានលឿនល្អ។ ចឹងស្នៀតស្វាប្រចាប់ ហើយទៅជាចំបាប់។»។

ចំបាប់ ឬប្រចាប់ គឺមានអំណះអំណាង និងភស្ដុតាងជាច្រើន នៅតាមប្រាសាទមួយចំនួន ជាពិសេសប្រាសាទក្នុងទឹកដីខេត្តសៀមរាប។ ស្នៀតចំបាប់ខ្មែរ គឺមានក្បាច់ផ្សំបញ្ចូល៣សំខាន់ៗ គឺក្បាច់ក្រពើហា ខ្លាក្រាប និងស្រងែពែន។ នេះបើតាមការប្រាប់ពីលោក សេង ប៊ុនសុង។

 

អ្នកគុននិយមរូបនេះ បានពន្យល់បន្ថែម សត្វក្រពើ នៅពេលហា គឺនៅស្ងៀមមួយកន្លែងប៉ុណ្ណោះ ប៉ុន្ដែបើក្រពើប្រហា នោះគឺមានន័យថា នឹងខាំបោក ហើយរមួល បង្វិលខ្លួន ដើម្បីសម្លាប់យកជាចំណី។ រីឯក្បាច់ខ្លាក្រាប លោក ប៊ុនសុង ពន្យល់ថា ខ្លាប្រសិនបើ វាក្រាប គឺមិនធ្វើសកម្មភាពទេ ប៉ុន្ដែបើខ្លាសង្រ្គប់វិញ គឺហក់សង្គ្រប់ហែកចំណីស៊ី។ ចំណែកពស់វែកស្រង៉ែ ប្រសិនជាគ្រាន់តែពែន គឺមិនទាន់មានសកម្មភាពទេ ប៉ុន្ដែប្រសិនជាពស់ពាន់ គឺរមួលរឹតចំណី។

«យើង និយាយពីសកម្មភាព ប្រសិនជាក្រពើហា គឺមិនធ្វើអ្វីគេទេ ប៉ុន្ដែបើក្រពើប្រហាទើបក្រពើមានសកម្មភាព ដែលក្រពើលោតពីក្នុងទឹកមកចាប់សត្វបោកអូសចូលក្នុងទឹក។ ខ្លាដូចគ្នា ពេលសង្គ្រប់ ហើយក្រញិចយកៗ ខាំយក ធ្វើឲ្យផ្ដាច់ជីវិតសត្វ បានពាំចេញហែកស៊ី។ ពស់ក៏ដូចគ្នាដែរ នៅពេលចាប់ចំណីរួច វាចាប់ពែន។ ស្រងែពែន មានន័យថាពស់នេះហើយ។ ក្នុងក្បាច់គុនយើង គឺដូចគ្នា។»។ លោក សេង ប៊ុនសុង បានពន្យល់ដូច្នេះថា។

 

ស្នៀត និងក្បាច់គុនបុរាណខ្មែរ បានជាប់ពាក់ព័ន្ធជាមួយសត្វព្រៃ ហើយស្នៀត ក្បាច់ និងកត្ដាគុនមួយចំនួន បានយកឈ្មោះសត្វទាំងនោះ មកដាក់ធ្វើជាឈ្មោះជាស្នៀត ក្បាច់ និងកត្ដាគុន ផងដែរ។ មួយចំនួនទៀត យកសត្វជាតួអង្គ ក្នុងរឿងរាមកេរ្ដ៍ មកដាក់ហៅ។ ឧទាហរណ៍ ហនុមានលើកភ្នំ ទូភីលែងស្នែង ក្របីលាក់កូន ដំរីចុះព្រេង ហនុមានអុកឡុកក្រុងលង្ការ...។ល។

ចំពោះការដាក់ឈ្មោះក្បាច់ ដែលជាប់ពាក់ព័ន្ធជាមួយនឹងសត្វមួយចំនួននេះ លោក សេង ប៊ុនសុង ពន្យល់ថា គឺដោយសារបុព្វបុរសដូនតាខ្មែរ ពីសម័យដើមរស់ជាមួយសត្វព្រៃ ហើយរៀនក្បាច់គុនទាំងនោះទៅតាមលក្ខណៈពិសេសរបស់សត្វនីមួយៗ។

«ប្រជាជន បុព្វបុរសដូចតាយើង រស់នៅក្នុងព្រៃ គឺរស់នៅជាមួយសត្វ។ ពីដំបូងសត្វបៀតបៀនគាត់ ហើយក្រោយមកពួកគាត់រៀនពីសត្វមកវិញ ហើយសម្លាប់សត្វនោះវិញ។ ខ្លារស់នៅលើដីគោក ក្រពើរស់នៅក្នុងទឹក និងពស់រស់នៅលើដើមឈើ។ ការរស់នៅរបស់គាត់ គាត់ត្រូវរស់នៅសិក្សា ឲ្យយល់ដឹងពីសត្វទាំង៣នេះ។ ស្នៀតគុន យើងមិនអាចបញ្ចប់ត្រឹមតែការចាប់នេះ បានទេ ប៉ុន្ដែគឺត្រូវបញ្ចប់ដូចជារឹតក កាច់ដៃ​ ឬក៏ចូលជង្គង់ ឬខ្ទាស់ជង្គង់ ឬក៏កាច់កែងដៃ និងកែងជើង។ នេះ គឺស្ថិតក្នុងក្បាច់ស្រងែពែនហើយ ​ដូចជាក្បាច់ខ្ទាស់ជើង ព័ន្ធជើង ក្បាច់ទាំង៣នេះ មិនអាចខ្វះមួយណាបានទេ។


ក្រពើហា ខ្លាក្រាប ទាំង៣នេះ មិនអាចខ្វះមួយណាបានទេ។»។ ព្រឹទ្ធាចារ្យរូបនេះ បានពន្យល់ដូច្នេះ៕