divider

លោក ត្រាំ គាំទ្រសំណើរលោក ពូទីន ក្នុងការរៀបចំការប្រកួតកីឡាហុកគីលើទឹកកក រវាងប្រទេសទាំងពីរ

news details
SPORT NEWS
អង្គារ ១៨ មីនា ២០២៥
facebook
facebook
១៨ មីនា ២០២៥
SPORT NEWS

(វាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញការគាំទ្រនូវសំណើររបស់ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ក្នុងការរៀបចំការប្រកួតកីឡាហុកគីលើទឹកកក

រវាងប្រទេសទាំងពីរ បន្ទាប់ពីមានជំនួបពិភាក្សាការងារមួយរវាងប្រធានាធិបតីទាំងពីរធ្វើឡើងតាមទូរស័ព្ទ។ នេះបើតាមប្រភពពី Reuters បានឱ្យដឹងនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ។


យោងតាមប្រភពពីវិមានក្រឹមឡាំងបានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានគាំទ្រគំនិតលោក ពូ ទីន ក្នុងការរៀបចំការប្រកួតកីឡាហុកគីទឹកកកដែលមានកីឡាករប្រទេសទាំងពីរដែលនឹងមានសម្ព័ន្ធ កីឡាហុកគីជាតិ រវាងសហរដ្ឋអាមរិក និងកាណាដា (NHL) និងសហព័ន្ធកីឡាហុកគីទឹកកក (KHL) ដែលបានរៀបចំការប្រកួតនេះឡើង ។


ខណៈបើតាមសេចក្តីថ្លែងការណ៍របស់ សេតវិមាន បន្ទាប់ពីធ្វើការនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ មិនបាននិយាយអំពី កីឡាហុកគីលើទឹកកកនោះទេ រួមទាំងមិនបានឆ្លើយតបទៅនឹងសំណួរអំពីកីឡានោះទេ ។ ហើយស្ថាប័ន NHL បាននិយាយថា សហព័ន្ធមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើអត្ថាធិប្បាយនៅឡើយអំពីបញ្ហានេះ។

ជាមួយគ្នានោះ អ្នកនាំពាក្យ NHL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងទើបតែដឹងអំពីការសន្ទនារវាង លោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី ពូទីន ហើយជាក់ស្តែង យើងមិនមែនជាភាគីនៃការពិភាក្សាទាំងនោះទេ ហើយវាមិនសមរម្យសម្រាប់ពួកយើងក្នុងការធ្វើការអត្ថាធិប្បាយនៅពេលនេះទេ»។


សូមជម្រាបផងថា ប្រទេសរុស្ស៊ី ត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតកីឡាហុកគីលើទឹកកកអន្តរជាតិនាពេលកន្លងមក បន្ទាប់ពីប្រទេសនេះបានធ្វើការឈ្លានពានប្រទេសអ៊ុយក្រែនកាលពី ២ឆ្នាំមុន។

ហើយបន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូក្នុងឆ្នាំ ២០២២ ទៅលើអ៊ុយក្រែន សហព័ន្ធកីឡាហុកគីលើទឹកកកអន្តរជាតិ (IIHF) បានផ្អាកក្រុមជម្រើសជាតិ និងក្លិបទាំងអស់មកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ពីការចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។


សូមរំឭកផងថា NHL បានផ្អាកទំនាក់ទំនងដៃគូសហការណ៍នៅក្នុងប្រទេសរុស្ស៊ី នឹងការផ្អាកគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបាននិយាយថា ខ្លួននឹងមិនពិចារណាលើប្រទេសរុស្ស៊ី សម្រាប់ការប្រកួតប្រជែងនាពេលអនាគតណាមួយបន្ទាប់ពីការលុកលុយបានចាប់ផ្តើម។


 ពេលដែលសហព័ន្ធកីឡាហុកគីលើទឹកកកអន្តរជាតិ IIHF ក្រោយមកបានផ្លាស់ប្តូរការប្រកួតជើងឯកពិភពលោកឆ្នាំ២០២៣ ចេញពីទីក្រុង Saint Petersburg បន្តទៅកាន់សហរដ្ឋអាមេរិក និងកាណាដា។ ហើយកាលពីឆ្នាំ២០២៤ IIHF បានឱ្យដឹងថា នឹងធ្វើការសម្រេចចិត្តលើការចូលរួមរបស់រុស្ស៊ី និងសម្ព័ន្ធមិត្តបេឡារុស្ស ក្នុងរដូវកាល២០២៥-២០២៦ នៅខែឧសភា ឆ្នាំនេះ។


សូមជម្រាបផងដែរថា កីឡាអូឡាំពិករដូវរងាឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅនៅទីក្រុង Milan និង Cortina d'Ampezzo ក្នុងខែកុម្ភៈ ដែលពីមុនមក ប្រភេទកីឡាហុកគីទឹកកក តែងតែមានការប្រកួតផងដែរ ៕ ប្រភព Fresh News