ភ្នំពេញ៖ លោក ឈាង សុវណ្ណរតនា អនុប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់ បានថ្លែងការណ៍កោតសរសើរ ចំពោះសហព័ន្ធកីឡាបញ្ចស៊ីឡាត់ថា ការបង្កើតទើបតែបានរយៈពេលមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែការរីកចម្រើន ខ្លាំងគួរកត់សម្គាល់ ទាំងបច្ចេកទេស និងសមត្ថភាព។
អនុប្រធានរូបនេះ បានថ្លែងសរសើរ បែបនេះ គ្រាដែលលោក អញ្ជើញចូលរួមក្នុងពិធីបិទ ការប្រកួតកីឡាបញ្ចស៊ីឡាត់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ លើកទី១ នាល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក ឈាង សុវណ្ណរតនា បានរំលេចទៀតថា នេះជាឆ្នាំដំបូងដែលយើងបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ តែសន្ទស្សន៍នៃការចូលរួមរបស់កីឡាករ កីឡាការិនីយើងមានចំនួនច្រើនផុសផុល ពិសេស គឺការចូលរួមពីកីឡាការិនី ទោះបីពុំទាន់ទទួលបានថវិកាគាំទ្រពីក្រសួងអប់រំយ៉ាងណាក្តី។ លោក សង្ឃឹមជឿជាក់ថា ការប្រកួតជើងឯកនៅឆ្នាំក្រោយៗ ការចូលរួមពីកីឡាករ កីឡាការិនីរបស់យើងកាន់តែមានចំនួនច្រើនជាងនេះទៅទៀត។
លោកថា កីឡាករ កីឡាការិនី ដែលជាប់ជ័យលាភីនៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ ត្រូវខិតខំដុះខាត់សមត្ថភាពទ្វេដងបន្ថែមទៀត ព្រោះយើងនិងក្លាយជាបេក្ខភាពជ្រើសរើសត្រៀមចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥នេះ ។ ទន្ទឹមជាមួយគ្នានេះ លោកអនុប្រធានក៏បានក្រើនរំលឹកដល់ប្អូនក្មួយៗកីឡាករ កីឡាការិនី ដែលទទួលបាននូវចំណេះជំនាញកីឡាមួយនេះ សូមខ្លាំងតែលើសង្វៀនបានហើយ មិនត្រូវខ្លាំងក្រៅសង្វៀននោះទេ ព្រោះអ្នកខ្លាំងក្រៅសង្វៀនប្រកួត មកដល់ពេលបច្ចប្បន្ននេះ គឺត្រូវបានការដាក់ទោសទណ្ឌ និងស្លាប់ច្រើនណាស់ ដោយសារការប្រាសចាកពីលក្ខន្តិកៈ និងបទបញ្ជារបស់សហព័ន្ធ ស្របតាមការមិនគោរពច្បាប់ប្រទេស។
ជាមួយគ្នានេះ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាបញ្ចស៊ីឡាត់ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ឆ្នាំ២០២៥ ទទួលបានការចុះឈ្មោះចូលរួមពី ២២សាលាគុន មកពី ៩រាជធានី-ខេត្ត និងមានអត្តពលិកសរុប ១២៧នាក់ (កីឡាករ ៨៦នាក់ និងកីឡាការិនី ៤១នាក់) និងបូកសរុបរួមទាំងប្រតិភូគ្រូបង្វឹក មន្ត្រីគណៈកម្មការ ក្រុមការងារទទួលបន្ទុកអនុគណៈកម្មការនីមួយៗ មានចំនួនសរុប ២១២នាក់។ ចំពោះវិញ្ញាសាមានចំនួន ១៥ ក្នុងនោះមានប្រយុទ្ធផ្នែកបុរស ៩វិញ្ញាសា និងប្រយុទ្ធនារី ៦វិញ្ញាសា។
លោក អ៊ួ តារា បានលើកឡើងថា ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា និងអនុប្រធាន ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធ បានជំរុញឱ្យរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះ ឱ្យចេញជារូបរាងឡើងជាលើកដំបូង ដើម្បីបោះជំហានមួយទៀត ក្នុងការប្រមូលផ្តុំអត្តពលិកប្រកបដោយទេពកោសល្យ និងផ្សព្វផ្សាយប្រភេទកីឡាបញ្ចស៊ីឡាត់ ឱ្យបានសុះសាយនៅប្រទេសកម្ពុជា។
ជាលទ្ធផលបច្ចេកទេស ក្នុងចំណោម ១៥វិញ្ញាសា រួមមាន៖ ចំណាត់ថ្នាក់លេខ១ សាលាគុនកងពលតូចថ្មើរជើងលេខ៥១ ទទួលបានមេដាយមាស ១០គ្រឿង, លេខ២ សាលាគុនតារាជ មេដាយសរុប ៥គ្រឿង (មាស ២ សំរឹទ្ធ៣), លេខ៣ សាលាគុនឫទ្ធាឥសាន មេដាយសរុប ៤ (មាស១ ប្រាក់២ សំរឹទ្ធ១), លេខ ៤ សាលាគុនហនុមានមានជ័យ មេដាយសរុប៤គ្រឿង (មាស១ សំរឹទ្ធ២), លេខ៥ សាលាគុនស៊ីឡាត់ភ្នំពេញ (មេដាយមាស១ និងសំរឹទ្ធ១)៕