ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ "ពានរង្វាន់សម្ដេចធិបតី" បានរំលឹកអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ដីពីការអំពាវនាវដល់បណ្ដាក្រុមហ៊ុននានា ចូលរួមជួយឧបត្ថម្ភព្រឹត្តិការណ៍កីឡាជាតិមួយនេះឱ្យបានច្រើន។
ឯកឧត្ដម វ៉ាត់ ចំរើន បានបន្តទៀតថា ការចូលរួមជួយជ្រោមជ្រែងពីបណ្ដាក្រុមហ៊ុន គឺក្នុងន័យជួយលើកកម្ពស់ព្រឹត្តិការណ៍ដ៏ធំខាងលើ និងជាការថែរក្សា អភិរក្ស អភិវឌ្ឍ ក្នុងស្មារតីជាតិនិយមខ្មែរតែមួយ។ ចំពោះការឧបត្ថម្ភទោះតិចក្ដី ច្រើនក្ដី ទៅតាមគោលដៅរបស់ក្រុមហ៊ុន ដែលអាចជួយបាន។
គិតត្រឹមពេលនេះ មានអ្នកចុះឈ្មោះជិត ២០០នាក់ហើយ ទាំងលើវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្ដែង។ ចំណែក អ្នកហ្វឹកហាត់យុទ្ធគុនកងយោធពលខេមរភូមិន្ទ ក៏មានការចុះឈ្មោះចូលរួមប្រកួតច្រើនដែរ។
គួរដឹងដែរថា គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ "ពានរង្វាន់សម្ដេចធិបតី" បានជួបប្រជុំភាគីពាក់ព័ន្ធ នៅរសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា នាសាលតុមូល ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីស្ដាប់វឌ្ឍនភាពការងារ និងការផ្ដល់ជូននូវការងារមួយចំនួន ដែលជាភារកិច្ចតាមផ្នែកនីមួយៗ។
កិច្ចប្រជុំនេះ ក៏ផ្ដោតលើការផ្សព្វផ្សាយ ពិធីការផ្សេងៗ សន្តិសុខ សណ្ដាប់ធ្នាប់ និងការកៀរគរអ្នកចូលរួមការប្រកួត។
ដោយឡែក នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកញ្ញា នឹងមានការបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រម រយៈពេល ០២ថ្ងៃ ដើម្បីបញ្ជ្រាបពីនីតិវិធីផ្សេងៗ ទាំងបទបញ្ជាការប្រកួត បទបញ្ជាបច្ចេកទេស ការដាក់ពិន្ទុ និង វិន័យ ជាដើម៕