ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី២ នឹងចាប់ផ្ដើមជាផ្លូវការហើយ នារសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមាន៦ប្រទេសចូលរួមប្រកួតដោយមានម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម និងកូរ៉េខាងជើង។
ថ្លែងក្នុងពិធីសន្និសិទការសែតកាលពីល្ងាចម្សិលមិញនេះ ឯកឧត្តម ផាន់ វណ្ណរ័ត្ន អនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជាបានមានប្រសាសន៍ថា៖ ការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ប្រកួតITFនេះ មិនមែនត្រឹមតែជើងឯកកម្រិតអាស៊ីអាគ្នេយ៍មួយនេះឡើយ។
ពោលគឺយើងមានមហិច្ឆតារៀបចំឈានដល់កម្រិតអាស៊ីថែមទៀតផងនាពេលខាងមុខ។មានន័យថា យើងទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតធំៗយើងចង់បង្ហាញនិងផ្សព្វផ្សាយទៅកាន់អន្តរជាតិថា កម្ពុជាក្រោមម្លប់ សុខសន្តិភាព មានការរីកចំរើន និងមានសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍មកកំសាន្តដោយគ្មានក្តីបារម្ភ។
ឯកឧត្តមបន្តថា៖ ការប្រកួតតេក្វាន់ដូជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ មានរយៈពេល៣ថ្ងៃនេះចាប់ពីថ្ងៃទី ២៨-៣០ ខែមិថុនា មាន៦ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហើយសុទ្ធសឹងជា កីឡាករ កីឡាការិនីលំដាប់កំពូលរបស់ប្រទេសគេ ខណៈដែលកីឡាករកម្ពុជា យើងក៏បានជ្រើសរើស កីឡាករ កីឡាការិនីខ្លាំងៗនិងកំពូលដូចគ្នា។
ព្រោះការប្រកួតនីមួយៗប្រទេសដែលចូលរួមសុទ្ធសឹងតែចង់ឈ្នះមេដាយនាំយកទៅប្រទេសគេវិញ ដើម្បីកេរ្តិ៍ឈ្មោះ និងមុខមាត់ប្រទេស។
ជាមួយគ្នានេះដែរ អនុប្រធានទី១រូបនេះ ក៍បានអំពាវនាវដល់ មហាជនដែលស្រឡាញ់ចូលចិត្តកីឡាសូមកុំភ្លេចមកចូលរួមទស្សនា និងលើកទឹកចិត្ត កីឡាករ កីឡាការិនី ដែលនឹងប្រកួតចាប់ពីថ្ងៃស្អែកទៅហើយនៅក្នុងពហុកីឡដ្ឋានជាតិ។ ការមកលើកទឺកចិត្ត និងគាំទ្ររបស់មហាជនបង្ហាញពីវប្បធម៌ចេះគោរពស្រឡាញ់គ្នា និងបង្ហាញពីភាពស្រស់ញញឹមរបស់ប្រជាជនកម្ពុជាផងដែរ។
គួបញ្ជាក់ដែរថា ពិធីបើកការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ដែលកម្ពុជា ធ្វើជាម្ចាស់ជាផ្ទះនេះ នឹងចាប់ផ្ដើមនាវេលាម៉ោង ៣រសៀលនេះ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី៕