ភ្នំពេញ៖ ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡាជូនដល់ គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិកម្ពុជា នៅមជ្ឈបណ្ឌលជាតិហ្វឹកហ្វឺនកីឡា រយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៧៥នាក់ មកពីសហព័ន្ធកីឡាជាតិគោលដៅចំនួន ៣៧ ។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងតាមគោលការណ៍កំណត់របស់ក្រមប្រឆាំងដូប៉ាអន្តរជាតិ ដែល តម្រូវឱ្យគ្រូបង្វឹកកីឡា និងអត្តពលិកទាំងអស់នៃប្រទេសហត្ថលេខី បានសិក្សាស្វែងយល់អំពីការប្រឆាំងដូប៉ាក្នុងវិស័យកីឡា និងទទួលបានវិញ្ញាបនបត្របញ្ជាក់អាដែល (ADEL) ទើបមានសិទ្ធស្របច្បាប់នៅក្នុង ការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានកោតសរសើរនិងឱ្យតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ ព្រម ទាំងមន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តភារកិច្ច បានល្អប្រសើរ និង ខ្នះខ្នែងពុះពារដោះស្រាយបញ្ហា ព្រមទាំងសម្របសម្រួលកិច្ចការនានាទាំងក្នុងនិងក្រៅ ប្រទេសបានជោគជ័យ។
ជាមួយគ្នានេះដែរ លោកជំទាវ បានស្នើសុំឱ្យសិក្ខាកាមទាំងអស់ចូលរួមសិក្សាដោយការយកចិត្តទុកដាក់ខ្ពស់បំផុត ឱ្យទទួលបាននូវ វិញ្ញាបនបត្របញ្ជាក់តាមការគ្រោងទុក ព្រោះថាវិញ្ញាបនបត្រនេះមិនមែនក្រសួង ឬ គ្រូឧទ្ទេសអាចផ្តល់ជូន បានតាមការស្នើសុំនោះទេ វាជាវិញ្ញាបនបត្រដែលចេញដោយប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិរបស់អន្តរជាតិ នៅពេលដែលលោក លោកស្រី បានយល់ដឹង និងបំពេញតាមលក្ខខណ្ឌដែលបានកំណត់ បើមិនបានបំពេញតាមលក្ខខណ្ឌនោះទេ ប្រព័ន្ធមិនចេញវិញ្ញបនបត្រឱ្យឡើយ។ ដូចនេះត្រូវខិតខំយកចិត្តទុកដាក់ ស្តាប់ការពន្យល់ណែនាំរបស់គ្រូឧទ្ទេស បើមានចម្ងល់ត្រូវហ៊ានសួរ ឬស្នើសុំឱ្យគាត់បញ្ជាក់ឡើងវិញ។
លោក ជំទាវ សូមពរ សិក្ខាកាមយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅចែករំលែក បន្តដល់មិត្តរួមអាជីព អត្តពលិក ព្រមទាំងមន្ត្រីនៅក្នុងសហព័ន្ធរបស់ខ្លួន ព្រោះយើងមិនអាចធ្វើការបណ្តុះ បណ្តាលបានគ្រប់ទាំងអស់គ្នាក្នុងរយៈពេលខ្លីនេះបានទេ បើអ្នកបានចូលសិក្សាមិនចែករំលែកបន្ត គឺយើង មិនអាចអនុវត្តបានជោគជ័យទាំងអស់គ្នាឡើយ។ ដូចនេះ សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត និង សូមឱ្យវគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះដំណើរការល្អតាមការគ្រោងទុក ទទួលបានជោគជ័យ និងផ្លែ ផ្កាដូចការចង់បាន។
នាឱកាសនោះ លោក ជំទាវ រដ្ឋលេខាធិការ សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គ្រូឧទ្ទេស គណៈគ្រប់គ្រងវគ្គ សិក្ខាកាម និង អ្នកពាក់ព័ន្ធទាំងអស់ដែលបានបញ្ចេញអស់កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការរៀបចំ និងចូលរួមវគ្គបណ្តុះ បណ្តាល និងសូមយកនូវចំណេះដឹងទទួលបានពីវគ្គបណ្តុះបណ្តាលទៅប្រើប្រាស់អនុវត្តសកម្មភាពលើក ស្ទួយកីឡានៅកម្ពុជា៕