វៀតណាម៖ នារសៀលថ្ងៃទី១១ មេសា គណៈកម្មាធិការអូឡាំពិកវៀតណាម ស្ថានទូតបារាំងប្រចាំនៅវៀតណាម ព្រមទាំងសិស្សានុសិស្ស មន្ត្រី និងគ្រូបង្រៀនជាង១០០០នាក់ បានចូលរួមកម្មវិធីទិវាអូឡាំពិកចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤។
កម្មវិធីនេះប្រព្រឹត្តទៅនៅ សង្កាត់ Kim Bai ខណ្ឌ Thanh Oai រដ្ឋធានីហាណូយក្នុងព្រឹត្តិការណ៍នេះ។ សិស្សានុសិស្សបានចូលរួមក្នុងការដង្ហែភ្លើងគប់ ទង់ជាតិ និងព្យុហយាត្រា និងនិមិត្តសញ្ញានៃកីឡាអូឡាំពិកនីមួយៗ ដែលរួមចំណែកដល់ការអបអរព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស ២០២៤។
ក្នុងនោះក៏មានការសម្ដែងសកម្មភាពកីឡាដែលស្រូបទាញបានអ្នកចូលរួមយ៉ាងច្រើន ជាពិសេសយុវជនមកស្វែងយល់បន្ថែមអំពីចលនាអូឡាំពិក។
ទិវាអូឡាំពិកឆ្ពោះទៅក្រុងប៉ារីស ២០២៤ មិនត្រឹមតែមានគោលបំណងផ្សព្វផ្សាយ និងអប់រំតម្លៃអូឡាំពិក និងអត្ថន័យនៃកីឡាដ៏ថ្លៃថ្នូក្នុងសហគមន៍ ជាពិសេសយុវជនជំនាន់ក្រោយប៉ុណ្ណោះទេ តែថែមទាំងជាការលើកទឹកចិត្តដល់មនុស្សគ្រប់រូបផងដែរដើម្បីចូលរួមក្នុងការហាត់ប្រាណ និងកីឡាដើម្បីបង្កើនសុខភាព៕