ឯកឧត្ដម ថោង ធន ប្រធានស្ដីទីសហព័ន្ធកីឡាជឺជីតតស៊ូកម្ពុជា មានប្រសាសន៍ថា កីឡាករ កីឡាករទាំង៦រូបដែលត្រូវបានបញ្ជូនទៅចូលរួមព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកអាស៊ី U21 និង Adults នៅប្រទេសហ្សកដានី សុទ្ធសឹងតែជាអ្នកមានសមត្ថភាពល្អៗអាចដណ្ដើមបានមេដាយជូនជាតិ។
ឯកឧត្ដមប្រធានស្ដីទីមានប្រសាសន៍បែបនេះ "៖ យើងបញ្ជូនកីឡាករ កីឡាការិនីដែលអាចមានសមត្ថភាពឈ្នះមេដាយជូនជាតិ។ បច្ចុប្បន្នយើងមានអត្តពលិក៦នាក់ ស្រី៣ ប្រុស៣។ កីឡាករ មឿនលីម សុបញ្ញា ប្រកួតក្រោម៧៧គីឡូក្រាម ប្រភេទ Newaza។ កីឡាករ កីឡាការិនី៥រូបទៀត ប្រកួតវិញ្ញាសា Duo និង Show ដែលជាវិញ្ញាសាសម្ដែង។ ពួកគាត់សុទ្ធតែជាម្ចាស់មេដាយមាស និងមេដាយផ្សេងៗទៀតនៅស៊ីហ្គេមលើកមុន និងបានបង្ហាញសមិទ្ធផលល្អក្នុងប្រកួតតំបន់ឆ្នាំទៅមិញនៅកោះបាលី ឥណ្ឌូនេស៊ី ក៏ដូចជាម្ចាស់មេដាយថ្នាក់ជាតិឆ្នាំនេះ។ សម្រាប់ការប្រកួតនេះមានភាពតានតឹងខ្លាំងទៅតាមវិញ្ញាសា ដូចវិញ្ញាសារបស់កីឡាករ មឿនលីម សុបញ្ញា តែគាត់ទើបត្រលប់ពីហ្វឹកហាត់នៅ academy មួយនៅអាមេរិកដែល Jessa Khan ធ្លាប់ហាត់នៅហ្នឹងដែរ អ៊ីចឹងយើងសង្ឃឹមខ្លាំងលើគាត់។ សម្រាប់វិញ្ញាសា Duo និង Show ដែលជាវិញ្ញាសាសម្ដែង យើងក៏មានសង្ឃឹមដែរ។ តែដូចបានជម្រាបជូនអ៊ីចឹងថា នេះជាកម្រិតអាស៊ី អ៊ីចឹងប្រទេសចូលរួមក៏សុទ្ធតែខ្លាំងៗ ដូចជា អារ៉ាប់រួម ថៃ កាហ្សាក់ស្ថាន ថៃ កូរ៉េខាងត្បូងអ៊ីចឹង។"
ជាមួយគ្នានេះ លោក Jasper Martjin Paas គ្រូបង្វឹកក្រុមជម្រើសជាតិជឺជីតស៊ូកម្ពុជា បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំថា នឹងព្យាយាមត្រួសត្រាយឱ្យកូនក្រុមទទួលបានកម្រិតមេដាយខ្ពស់ជាងមុន បន្ទាប់ពីទទួលបានមេដាយសំរឹទ្ធ៥គ្រឿង នៅប្រទេសអារ៉ាប់រួម អ៊ីមីរ៉េត កាលឆ្នាំទៅមិញ។ លោកជឿជាក់ថា ប្រសិនបើកូនក្រុមធ្វើបានល្អលើកនេះ នឹងធ្វើឱ្យមានសង្ឃឹមខ្ពស់ក្នុងការប្រជែងមេដាយមាសស៊ីហ្គេម នៅថៃ ក្នុងខែធ្នូ ខាងមុខ។
កីឡាករទាំង៦រូបដែលត្រូវបានបញ្ជូនទៅប្រកួតព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកអាស៊ី U21 និង Adults នៅប្រទេសហ្សកដានី មាន កីឡាករ មឿនលីម សុបញ្ញា កីឡាករ គង់ម៉ូណា មិថុរ៉ា កីឡាករ ទូច ពីរកក្កដា កីឡាការិនី ទីន សុវណ្ណបួរកែវ កីឡាការិនី ហេង ស៊ីវហ៊ាង កីឡាការិនី គង់ម៉ូណា ជេសស៊ីកា ដឹកនាំលោក សំអុន បូរមី ជាប្រតិភូ លោក Jasper Martjin Paas ជាគ្រូបង្វឹក និងលោក Oliver Robert King ជាមន្ត្រីបច្ចេកទេស។ ការប្រកួតប្រព្រឹត្តទៅពីថ្ងៃទី២០ដល់ថ្ងៃទី២៨ ខែឧសភា នាក្រុង Amman ប្រទេសហ្សកដានី៕