ភ្នំពេញ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ កន្លងទៅ ក្រុមបាល់ទាត់គុនខ្មែរ និងពិធីករកីឡាកម្ពុជា ចំនួន ៤០រូប បានកៀកដៃគ្នាចូលរួមយុទ្ធនាការបរិច្ចាគឈាម ក្រោមប្រធានបទ "យើងរួមគ្នាបរិច្ចាគឈាមមួយពាន់សាក់" ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
នេះជាផ្នែកមួយនៃដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាបាល់ទាត់មនុស្សធម៌ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដែលក្រុមទាំង២ខាងលើ នឹងត្រូវប្រកួតតទល់គ្នា ចាប់ពីម៉ោង ៥ល្ងាចតទៅ។ ប៉ុន្តែអ្វីកាន់តែពិសេសទៅទៀតនោះ បើតាមការឱ្យដឹងពីសមាជិកក្រុមពិធីករកីឡា គឺ នៅថ្ងៃដដែល ចាប់ពីម៉ោង ៧និង៣០នាទីព្រឹកតទៅ នឹងមានការបើកឱ្យមហាជនចូលរួមកម្មវិធីបរិច្ចាគឈាម។
សកម្មភាពដ៏ពិសេសនេះ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតអ្នកត្រូវការឈាមប៉ុណ្ណោះទេ តែថែមទាំងបានចូលរួមចំណែកសកម្មភាពមនុស្សធម៌ជួយដល់អ្នកដែលត្រូវការឈាម៕