ចិន៖ អណ្ដាតភ្លើងសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា លើកទី៩ ត្រូវបានអុជកាលពីថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ នៅឯរមណីយដ្ឋាន Sun Island នាក្រុង Habin ខេត្ត Heilongjiang ដែលជាការចាប់ផ្ដើមរាប់ថយក្រោយរយៈពេល ១៨ថ្ងៃ។
ក្រុង Habin ដែលពីមុនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡារដូវរងានេះ កាលឆ្នាំ ១៩៩៦ នឹងរៀបចំព្រឹត្តិការណ៍ដដែលពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកុម្ភៈ។
ប្រពៃណីនៃការអុជនេះ គឺជាពិធីដ៏សំខាន់មួយដែលមានឫសគល់នៅក្នុងកីឡាអូឡាំពិកនៃប្រទេសក្រិចបុរាណ តំណាងឱ្យមរតកនៃស្មារតីអូឡាំពិក និងជានិមិត្តរូបនៃពន្លឺសន្តិភាព និងឯកភាព។
ក្នុងពិធីនោះ បេសកជន ៩រូប ដែលដើរជាក្បួនបានអុជអណ្តាតភ្លើងដោយជោគជ័យនៅមុខ Sun Stone ដែលជាទីតាំងសំខាន់។
គប់ភ្លើងនៃព្រឹត្តិការណ៍នេះ ត្រូវបានរចនាឡើងជារាងផ្កាលីឡាមានកម្ពស់ ៧៣៥ មីលីម៉ែត្រ មានអង្កត់ផ្ចិតមកុដ ១១៥មីលីម៉ែត្រ និងអង្កត់ផ្ចិតក្តាប់ ៥០មីលីម៉ែត្រ។ មានរួមបញ្ចូលពណ៌របស់ចិន ក្រហម ស្វាយលីឡា និងពណ៌សព្រិល។
ការប្រកួតនាឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមួយប្រចាំតំបន់អាស៊ី ដោយគណៈកម្មាធិការជាតិអូឡាំពិកចំនួន ៣៤ បានបញ្ជាក់ពីការចូលរួម។
ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា ឆ្នាំ២០២៥ មានកីឡា ១១ប្រភេទ ក្នុងនោះចែកចេញជា ៦៤ វិញ្ញាសា ដែលប្រព្រឹត្តទៅនៅលើទីលានកីឡាទឹកកកចំនួន ៥ នៅកណ្តាលទីក្រុង Harbin និងទីតាំងចំនួន ៨ផ្សេងទៀត នាទីក្រុង Yabuli៕