divider

អ្នកស្រី Kirsty Coventry ចូលកាន់តំណែងប្រធានថ្មី IOC ជាផ្លូវការ

news details
OLYMPIC CAMBODIA
ចន្ទ ២៣ មិថុនា ២០២៥
facebook
facebook
២៣ មិថុនា ២០២៥
OLYMPIC CAMBODIA

អ្នកស្រី Kirsty Coventry បានចូលកាន់តំណែងជាផ្លូវការហើយ ក្នុងនាមជាប្រធានថ្មី នៃ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កាលថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥។


ការប្រកាសចូលកាន់តំណែងជាផ្លូវការបានប្រព្រឹត្តទៅនៅស្នាក់ការ IOC នាក្រុង Lausanne ប្រទេសស្វីស ក្រោមអធិបតីភាពលោក Thomas Bach ជាប្រធានចាស់ដែលបានកាន់តំណែងពីឆ្នាំ ២០១៣ ដល់ដើមឆ្នាំ ២០២៥ ព្រមទាំងភ្ញៀវកិត្តិយសជាង ៧០០ នាក់ទៀតដែលមានរួមទាំងសមាជិក IOC អត្តពលិក តំណាងចលនាអូឡាំពិក ប្រតិភូមកពីអង្គការអន្តរជាតិ មេដឹកនាំនយោបាយ និងបុគ្គលិក IOC។

ក្នុងពិធីប្រកាសដ៏ពិសេសនេះ លោក Thomas Bach ដែលបច្ចុប្បន្នជាប្រធានកិត្តិយស នៃ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ថ្លែងថា "៖ អ្នកស្រី Coventry បាននាំមកនូវបែបបទពិសេសប្លែក និងទស្សនវិស័យផ្ទាល់ខ្លួនរបស់គាត់។ អ្នកស្រី ជាអ្នកដឹកនាំសម័យថ្មី ដែលត្រូវនឹងយុវវ័យជំនាន់ក្រោយ។ នេះជាមូលហេតុដែលខ្ញុំនិយាយដោយភាពជឿជាក់ថា ចាប់ពីថ្ងៃស្អែកតទៅជាមួយ Kirsty Coventry ចលនាអូឡាំពិក នឹងស្ថិតនៅក្នុងដៃដ៏ល្អបំផុត។ ហេតុនេះហើយបានជាចិត្តខ្ញុំពេញដោយការដឹងគុណ ពោរពេញដោយទំនុកចិត្ត និងពេញដោយអំណរ។"

ចំណែកអ្នកស្រី Coventry ក៏បានរំឭកពីគុណូបការៈ នៃការដឹកនាំរយៈពេល ១២ ឆ្នាំរបស់លោក Thomas Bach និងការគាំទ្រពីក្រុមគ្រួសារ ក៏ដូចជាមិត្តភក្ដិនាពេលកន្លងមក។


ក្នុងការបោះឆ្នោតពីសមាជិក គណៈកម្មាធិការអូឡាំពិកអន្តរជាតិ កាលខែមីនា ឆ្នាំ២០២៥ កន្លងទៅ អ្នកស្រី Kirsty Coventry ទទួលបានសម្លេង ៤៩លើ៩៧ ក្នុងចំណោមបេក្ខភាព៦រូបទៀត និងបានក្លាយជាប្រធាន IOC ស្រ្តីទី១ ដែលមិនមែនជាបុរស ក្នុងប្រវត្តិសាស្ត្រចលនាអូឡាំពិក។ 

គួររំឭកដែរថា អ្នកស្រី Kirsty Coventry ជនជាតិហ្ស៊ីមបាវ៉េ វ័យ៤១ឆ្នាំក៏ធ្លាប់ជា អត្តពលិក ដ៏ឆ្នើមប្រចាំប្រទេសហ្ស៊ីមបាវ៉េ និងស្ថិតក្នុងចំណោមអត្តពលិកឆ្នើមនៅ ទ្វីបអាហ្វ្រិក។ អ្នកស្រីក៏ជាអតីតរដ្ឋមន្ត្រី ក្រសួង យុវជន និង កីឡា នៃប្រទេសហ្ស៊ីមបាវ៉េ ពីចន្លោះឆ្នាំ ២០១៨ ដល់ ២០២៥៕