ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា គណៈប្រតិភូក្រសួងដឹកនាំដោយ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការ បានចុះពិនិត្យដំណើរការការងារនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក៏ដូចជាសំណេះសំណាល និងពិនិត្យលើយន្ដការសម្រាប់ឆ្នាំ២០២៥ កាលរសៀលថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាកន្លែងបណ្ដុះបណ្ដាលតែមួយគត់ខាងចំណេះដឹង និងជំនាញផ្នែកកីឡា ដែលមានទាំងការសិក្សាផ្នែកឧត្ដមសិក្សាកីឡា និងបន្តការបណ្ដុះបណ្ដាលគ្រូអប់រំកាយនៅតាមសាលារៀននានា។
ជាទូទៅសាលានេះ បានផលិតគ្រូអប់រំកាយ និងកីឡា បានច្រើនទូទាំងប្រទេសទៅតាមតម្រូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងតម្រូវការតាមសាលារៀន។
ក្នុងនោះក៏មានការសហការជួយជ្រោមជ្រែងដំណើរការពីអង្គការបេះដូងមាស ដែលជាអង្គការក្រៅរដ្ឋាភិបាល មានជំនាញផ្នែកអប់រំកាយ និងកីឡា។ ជាក់ស្ដែង អង្គការនេះបានជួយបង្កើតបណ្ណាល័យកីឡាតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលអាចផ្ដល់ការស្រាវជ្រាវទាក់ទងទៅនឹងចំណេះដឹងទ្រឹស្ដីកីឡា។
សម្រាប់ការពិនិត្យលើយន្ដការការងារ និងការរំពឹងទុកក្នុងឆ្នាំ២០២៥ ឯកឧត្ដមរដ្ឋលេខាធិការមានប្រសាសន៍ថា នឹងមានការពង្រឹងបន្ថែមទៀតលើការគ្រប់គ្រងតាមរយៈគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ដែលផ្ដោតលើអភិបាលកិច្ចល្អ។
ឯកឧត្ដម បានវាយតម្លៃថា ដំណើរការក្នុងវិទ្យាស្ថានពិតជាល្អប្រសើរ គួរឱ្យកោតសរសើរ។ ទន្ទឹមនឹងនេះ នឹងមានការកែសម្រួលឱ្យមានគុណតម្លៃថែមទៀត និងពង្រីកវិសាលភាពវិទ្យាស្ថានកាន់តែទូលំទូលាយឱ្យគេស្គាល់កាន់តែច្រើន។ ឯកឧត្ដម បន្ថែមទៀតថា បច្ចុប្បន្នមិនសូវមានអ្នកស្គាល់ច្រើនប៉ុន្មានទេ ដូច្នេះ ឯកឧត្ដមអំពាវនាវប្រជាពលរដ្ឋទូទៅ និងអ្នកសិក្សាស្រាវជ្រាវ ទាំងវិស័យឯកជន ដែលចង់ស្រាវជ្រាវទទួលបានចំណេះដឹងផ្នែកកីឡា អាចសិក្សាស្រាវជ្រាវបាន។
មិនតែប៉ុណ្ណោះ ក្នុងឆ្នាំ២០២៥នេះដែរ អង្គភាពពាក់ព័ន្ធនឹងរៀបចំសិក្ខាសាលាមួយដើម្បីជជែកដេញដោលស្វែងរកវឌ្ឍនភាពនៃវិស័យកីឡាឱ្យមានមូលដ្ឋានគ្រឹះរឹងមាំ ព្រោះមានកិច្ចការច្រើនដែលត្រូវរៀនសូត្រ និងពង្រឹងឡើងវិញ។
ឯកឧត្ដម វ៉ាត់ ចំរើន រំពឹងថា អ្នកកំពុងសិក្សានៅទីនេះនឹងក្លាយទៅជាធនធានដ៏ល្អដើម្បីចូលរួមបម្រើការងារនៅតាមគ្រឹះស្ថានសិក្សានានា។ ដូច្នេះអ្វីដែលត្រូវបានយកចិត្តទុកដាក់ជាងគេគឺលើប្រសិទ្ធភាពគ្រប់គ្រងដឹកនាំ ការជំរុញទឹកចិត្ត ការសិក្សាស្រាវជ្រាវ ការរៀន និងបង្រៀន។
ឯកឧត្ដមទទូចដែរថា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា មិនមែនផ្ដោតតែលើការរៀន និងបង្រៀននោះប៉ុណ្ណោះទេ គឺលើការបង្ហាត់ និងហាត់ផងដែរ។ ហេតុដូចនេះ អ្វីដែលជំរុញឱ្យមានការរីកចម្រើននៅទីនេះបាន គឺត្រូវមានអភិបាលកិច្ចល្អ និងសាមគ្គីភាពផ្ទៃក្នុងល្អ៕