divider

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ និងក្រសួងវប្បធម៌ ជួបពិភាក្សាត្រៀមទស្សនីយ៍ភាពសម្ដែងអបអរពិធីទទួលទង់ធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី បន្ដពីបារ៉ែន

news details
OLYMPIC CAMBODIA
ព្រហស្បតិ៍ ២៤ មេសា ២០២៥
facebook
facebook
២៤ មេសា ២០២៥
OLYMPIC CAMBODIA

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ បានដឹកនាំក្រុមការងារ ជួបប្រជុំពិភាក្សាការងារជាមួយលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ បានផ្ដោតកិច្ចពិភាក្សាលើ ២ចំណុចសំខាន់ ទី១-ពាក់ព័ន្ធនឹងខ្លឹមសារ និងទស្សនទាន ដែលជាសារត្រូវបង្ហាញតាមរយៈទស្សនីយ៍ភាព ដែលត្រូវសម្ដែងអបអរសាទរពិធីទទួលទង់កីឡាយុវជនអាស៊ី ក៏ដូចជាការស្វាគមន៍ប្រតិភូបណ្ដាប្រទេសក្នុងទ្វីបអាស៊ី មកកាន់ប្រទេសកម្ពុជា ដែលជាម្ចាស់ផ្ទះបន្ដវេនពីប្រទេសបារ៉ែន នាឆ្នាំ២០២៩ និងទី២ គឺការបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវ រវាងក្រសួងអប់រំ និងក្រសួងវប្បធម៌។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា «ទស្សនីយ៍ភាព និងខ្លឹមសារសំខាន់ ដែលត្រូវត្រៀមរៀបចំ ទី១-ការបង្ហាញនូវវប្បធម៌ជាតិរបស់យើង, ទី២-ការបង្ហាញនូវទេសចរណ៍ ដែលជាលក្ខណៈពិសេសនៃទេសចរណ៍ឯករបស់ប្រទេសយើង និងទី៣-ពាក់ព័ន្ធនឹងកីឡា ហើយកីឡានេះ ទាក់ទងនឹងកីឡាយុវជន ដែលមានយុវវ័យក្រោម ១៨ឆ្នាំ។ នេះគឺជាខ្លឹមសាររួម ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ និងត្រៀមរៀបចំនូវការសម្ដែងរយៈពេល ១០នាទីក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ»។

បន្ថែមលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏ត្រៀមធ្វើការស្នើសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រៀមរៀបចំនូវពិធីដង្ហែទង់ បន្ទាប់ពីប្រតិភូនាំទង់កីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ត្រឡប់មកដល់ប្រទេសកម្ពុជា ពោលគឺក្រោយពិធីប្រគល់ និងទទួលទង់នៅថ្ងៃទី៣១ ខែតុលា ឲ្យបានអធិកអធម នៅរាជធានីភ្នំពេញ ដូចកាលពីពិធីដង្ហែទង់ស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ អំពីការត្រៀមលក្ខណៈរួចរាល់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ៤ឆ្នាំម្ដងនេះផងដែរ។

សូមបញ្ជាក់ថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅបារ៉ែន នឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ដោយកម្ពុជា បានត្រៀមបញ្ជូនអត្តពលិកចំនួន ១៨ប្រភេទកីឡាចូលរួម ក្នុងនោះមានសហព័ន្ធកីឡាអត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ, ជិះសេះ, យូដូ, ជឺជីតស៊ូ, គុនចម្រុះ, ទោចក្រយាន, វាយកូនឃ្លីលើតុ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ចំបាប់, លើកទម្ងន់, បាល់ទះ, បាល់ទាត់លើតុ, ប្រដាល់, និងកីឡាប្រដាល់សកល៕