(ភ្នំពេញ)៖ ការថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន នេះបានធ្វើឡើង កាលពីរសៀលថ្ងៃទី ១២ ខែមីនា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក Zeng Huacheng អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម ប្រទេសចិន និងមានការចូលរួមពីតំណាង ស្ថានទូតចិនប្រចាំនៅកម្ពុជា ដោយ រដ្ឋាភិបាលចិន បានបើកភ្លើងខៀវទទួលនូវគម្រោងសំណើធំៗចំនួន ២ របស់កម្ពុជា ទី១-គម្រោងជំនួយផ្នែកការហ្វឹកហាត់កីឡាកម្រិតខ្ពស់នៅប្រទេសចិន និងទី២-គម្រោងស្នើសុំការជួយបច្ចេកទេសក្នុងការបន្តថែទាំ ពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជា អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់កម្ពុជា ហើយកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ក៏ដោយសារនយោបាយមិត្តភាព សាមគ្គីភាពដ៏រឹងមាំ ជាពិសេសមិត្តភាពត្បូងពេជ្រ ដែលតពី សម្ដេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ដ្រី គឺ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលបានពង្រឹង ហើយបានជំរុញកិច្ចសហប្រតិបត្តិការនេះយ៉ាងល្អ។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្តទៀតថា៖ គម្រោងនៃការផ្ដល់ជំនួយខាងលើ គឺជាជំនួយរដ្ឋាភិបាលចិន តាមរយៈ ក្រសួងពាណិជ្ជកម្មចិន ផ្ដល់មកឲ្យ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមាន NOCC និង ក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកសម្របសម្រួល ។ ដូច្នេះក្រោយជំនួបពិភាក្សាខាងលើ ភាគីចិន បានផ្ដល់នូវដំណឹងល្អមួយចំនួន ពាក់ព័ន្ធនិងគម្រោងជំនួយចំនួន២ រួមមាន៖
ទី១- គម្រោងជំនួយផ្នែកការហ្វឹកហាត់នៅចិន សម្រាប់ឆ្នាំ២០២៥ ដែលបេសកកម្មនេះ ក្រុមការងារជំនាញពិសេសរបស់ ចិន នឹងចុះមកធ្វើការជាមួយ ក្រុមកីឡាជម្រើសជាតិកម្ពុជា និងធ្វើការពិភាក្សាបន្ថែមជាមួយ NOCC ទៅលើការត្រៀមរៀបចំបញ្ជូន កីឡាករ-កីឡាការិនី ១៦១នាក់ ដែលត្រូវចេញទៅហ្វឹកហាត់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ ។ គម្រោងនេះ មិនត្រឹមជាជំនួយត្រឹមឆ្នាំ២០២៥ នោះទេ តែជាគម្រោងជំនួយឆ្នាំ២០២៥ រហូតដល់ឆ្នាំ ២០២៩ សម្រាប់គោលដៅ នៃការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជាផងដែរ។
អគ្គលេខាធិការ NOCC ដដែរបន្តទៀតថា៖ «កិច្ចពិភាក្សាគ្នាបានផ្ដោតការយកចិត្តទុកដាក់ទៅលើការត្រៀមលក្ខណៈ ដែលរដ្ឋាភិបាលចិន បានផ្ដល់នូវភ្លើងខៀវថា គម្រោងសំណើរ នៃការទទួលការហ្វឹកហាត់នៅ សាធារណរដ្ឋប្រជាមានិតចិននេះ ត្រូវបាន រដ្ឋាភិបាលចិន ទទួលយក និងមានការគាំទ្រទាំងស្រុង ប៉ុន្ដែនៅនីតិវិធី នៃការរៀបចំបច្ចេកទេសឲ្យបានល្អ ហើយនឹងទទួលនូវ កិច្ចសហប្រតិបត្តិការ និងកិច្ចសន្យាជាមួយគ្នាក្នុងកម្រិតជំនាញពិសេស ដើម្បីទទួលយកនូវការទទួលខុសត្រូវគ្នាទៅវិញទៅមក នៅក្នុងគម្រោងនេះ»។
«គម្រោងនេះ គឺជាគម្រោងដែលយើងបានទទួលដូចគម្រោង ដែលយើងបានទទួលមុន ស៊ីហ្គេម - ២០២៣ អញ្ចឹងគឺ កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា បានទៅហ្វឹកហាត់នៅប្រទេសចិន កាលពីមុនស៊ីហ្គេម គឺមានការជួយឧបត្ថម្ភទាំងស្រុងពី មិត្ដចិន ទាំងការស្នាក់នៅ ហូបចុក ទាំងសំបុត្រយន្ដហោះ និងការហ្វឹកហាត់នៅទីនោះ ហើយក៏មានគម្រោងបញ្ជូន គ្រូបង្វឹកជំនាញប្រភេទកីឡាល្អៗ មួយចំនួន មកបង្ហាត់បន្ថែមនៅកម្ពុជាផងដែរ ។ នេះគឺជាអ្វីដែលយើងកំពុងធ្វើការជាមួយគ្នាលើគម្រោងទី១»។
ទី២- គម្រោងស្នើសុំបន្ដជួយការថែទាំ ពហុកីឡដ្ឋានជាតិមរតកតេជោ ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា «គម្រោងនេះ យើងបានទទួលដំណឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺមានការស្នើសុំបន្ដជួយការថែទាំ ព្រោះការថែទាំមានលក្ខណៈស្មុគស្មាញ និងពិសេស អញ្ចឹងគម្រោងស្នើសុំការជួយបច្ចេកទេសក្នុងការថែទាំបន្ដនេះ គឺរដ្ឋាភិបាលចិន ក៏បានចាប់អារម្មណ៍ និងគាំទ្រទាំងស្រុងដែរ»។
តាមរយៈការផ្ដល់ដំណឹងល្អលើការទទួលនូវគម្រោងជំនួយទាំង ២ ខាងលើនេះ ឯកឧត្តម បានបង្ហាញសុទិដ្ឋិនិយមថា នឹងបន្ដជំរុញធ្វើឲ្យគុណផលកីឡាក្រុមជម្រើសជាតិកម្ពុជា ទទួលបានលទ្ធផលល្អបន្ថែមទៀត ក្នុងការប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម លើកទី៣៣ នៅថៃ ចុងឆ្នាំនេះ ។
ក្នុងនាម ក្រសួងអប់រំ យុវជន និងកីឡា NOCC សហព័ន្ធជាតិ ពិសេសគឺ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោកក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយជាខ្លាំង ដែលបានទទួលការគាំទ្រនូវគម្រោងផ្ដល់ អាហារូបករណ៍ហ្វឹកហាត់នេះ ដ្បិតរាល់ការហ្វឹកហាត់នៅចិន គឺមានលក្ខណៈពិសេស ដែលធ្វើឲ្យគុណផលកីឡាបច្ចេកទេសកីឡាកើនឡើងខ្ពស់លឿនគួរឲ្យកត់សម្គាល់៕