divider

ការងារសំខាន់ៗដែលសហព័ន្ធកីឡាចំបាប់ត្រូវធ្វើក្នុងអាណត្តិថ្មីរបស់ខ្លួន

news details
WRESTING
ព្រហស្បតិ៍ ២២ ឧសភា ២០២៥
facebook
facebook
២២ ឧសភា ២០២៥
WRESTING

សហព័ន្ធកីឡាចំបាប់កម្ពុជាមានផែនការសំខាន់ៗយ៉ាងច្រើនត្រូវធ្វើក្នុងអាណត្តិថ្មី២០២៥-២០២៩ ទាំងការបណ្ដុះបណ្ដាលធនធាន និងបច្ចេកទេស។ នេះជាការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់២០២១-២០២៥ បន្តអាណត្តិថ្មី២០២៥-២០២៩ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្ដមប្រធានមានប្រសាសន៍ថា "៖ សូមលោកគ្រូ អ្នកគ្រូ បណ្ដុះបណ្ដាលយុវជនថ្នាល ព្រោះក្នុងចំបាប់ក៏ដូចជាកីឡាករផ្សេងទៀតដែរ បើយើងមានកីឡាការិនីច្រើន និងល្អ យើងមានប្រៀបជាងកីឡាករក្នុងរង្វង់នៃការប្រកួតទាំងអស់។ កីឡាការិនីយើងយកជាយុទ្ធសាស្ត្រ ហើយមួយទៀត សម្រាប់កីឡាករ យើងផ្ដោតបន្ថែមលើគីឡូធ្ងន់ ព្រោះអត់សូវសម្បូរ ទាំងក្នុងអាស៊ីក៏ដោយ។ បើនៅអឺរ៉ុបបានសម្បូរគីឡូធ្ងន់។ មួយទៀតរៀបចំអាជ្ញាកណ្ដាលចៅក្រមឱ្យបានល្អ ហើយតួនាទីភារកិច្ចការងារទាំងអគ្គលេខាធិការ និងហិរញ្ញិកត្រូវមានតម្លាភាព។ ការគ្រប់គ្រងការងារក៏ត្រូវតែតាមក្រិតក្រម មានច្បាប់ទម្លាប់ បទបញ្ញត្តិត្រឹមត្រូវ។ មានការអភិវឌ្ឍបច្ចេកទេសទាំងធនធានអត្តពលិកពីកម្រិតថ្នាលទៅក្រុមធំ និងពីក្រុមធំទៅជម្រើសជាតិ។ អាជ្ញាកណ្ដាលចៅក្រម ក៏ត្រូវមានដាច់ដោយឡែក គណៈកម្មការទីផ្សារ ត្រូវមានដាច់ដោយឡែក សម្រាប់រកទីផ្សារ រៀបចំព្រឹត្តិការណ៍ផ្សេងៗ កាលវិភាគប្រកួតក្នុង និងក្រៅប្រទេស។

មិនតែប៉ុណ្ណោះ គណៈកម្មការចំបាប់បុរាណក៏ត្រូវបង្កើតឡើងផងដែរក្នុងអាណត្តិថ្មីនេះ ព្រោះអីនឹងមានក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណដែរ។"

សម្រាប់សមាសភាពដឹកនាំក្នុងអាណត្តិថ្មីនេះ ឯកឧត្ដម វ៉ាត់ ចំរើន បន្តតួនាទីជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងមានអនុប្រធាន៤រូប គឺឯកឧត្ដម សំ សោភាន់ លោក Casey DOuglas Barnett លោក ហុក ឈាងគីម និង លោក ស៊ឹម ទូច។ ចំណែក កញ្ញា កាង ណុចបវរ បន្តជាអគ្គលេខាធិការ និងលោក អន សុវឌ្ឍីយ៉ា ជាអគ្គហិរញ្ញិក ខណៈសមាជិកសហព័ន្ធមាន៦រូប។

ឯកឧត្ដម វ៉ាត់ ចំរើន បញ្ជាក់ថា សមាសភាពដឹកនាំអាណត្តិថ្មីនេះមានការកើនឡើងសមាជិក២រូប ដើម្បីរួមចំណែកបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អថែមទៀត៕