divider

មន្ដ្រីអូឡាំពិកកម្ពុជា ២រូប ចូលរួមកិច្ចប្រជុំ OCA-OS 2025 នៅប៊ូតាន

news details
OLYMPIC CAMBODIA
អង្គារ ០១ មេសា ២០២៥
facebook
facebook
០១ មេសា ២០២៥
OLYMPIC CAMBODIA

ប្រតិភូអូឡាំពិកកម្ពុជា ២រូប រួមមានឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងឯកឧត្តម ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានកម្មវិធីពហុកីឡានៃ NOCC បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាអូឡាំពិកអាស៊ី-សាមគ្គីអូឡាំពិក "OCA/OS Regional Forum"នៅប្រទេសប៊ូតាន ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០២៥ ។

កិច្ចប្រជុំនេះ រៀបចំដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) សហការជាមួយគម្រោងសាមគ្គីអូឡាំពិក(OS) របស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ដោយមានការចូលរួមពីប្រតិភូតំណាងអូឡាំពិកសមាជិកចំនួន ២៦ប្រទេស ឬ NOCs ចំនួន ៨០នាក់ចូលរួម មកពីតំបន់អាស៊ីខាងកើត, តំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីខាងត្បូង ក្នុងនោះក៏មានតំណាងអូឡាំពិកកម្ពុជាផងដែរ ។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងថា គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំនេះ គឺផ្ដោតលើការធ្វើរបាយការណ៍ និងបទបង្ហាញអំពីវឌ្ឍនភាព នៃការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតនានារបស់ OCA ទី១-ពាក់ព័ន្ធនឹងការប្រកួតកីឡាអាស៊ី(Asian Games) ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ។ ទី២-ការត្រៀមរៀបចំការប្រកួតកីឡាយុវជនអាស៊ី(AYG) លើកទី៣ នាខែតុលា ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន និងទី៣-ការត្រៀមរៀបចំការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនអាស៊ី (Asian Indoor and Martial Arts Games) លើកទី៦ ឆ្នាំ២០២៦ នៅទីក្រុងរីយ៉ាត់ ប្រទេសអារ៉ាប់ប៊ីសាអូឌីត។

ទន្ទឹមជាមួយបទបង្ហាញពីការត្រៀមលក្ខណៈរៀបចំការប្រកួតនានារបស់ OCA សម្រាប់គម្រោងសាមគ្គីអូឡាំពិក ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធជាមួយនឹងផែនការ នៃការគាំទ្រទៅលើគម្រោងសាមគ្គីអូឡាំពិ សម្រាប់ឆ្នាំ២០២៥-២០២៨ ក្នុងការបង្ហាញអំពីវឌ្ឍនភាព ក៏ដូចជាការរៀបចំគម្រោងថ្មីៗ នៅក្នុងអាណត្តិថ្មីរបស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ដែលទើបបោះឆ្នោតជ្រើសរើសប្រធានថ្មី កាលពីថ្មីៗនេះ ដែលដឹកនាំដោយលោកស្រី Kirsty Coventry រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា ប្រទេសហ្ស៊ីមបាវ៉េ ជាប្រធានផងដែរ៕