divider

គុនខ្មែរអន្ដរជាតិ គ្រោងបង្កើត Brand ផ្លូវការឆាប់ៗ ដើម្បីជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់គុនតម្លៃ “គុនខ្មែរ” លើពិភពលោក

news details
KUN KHMER
ពុធ ០៣ មេសា ២០២៤
facebook
facebook
០៣ មេសា ២០២៤
KUN KHMER

សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ(KIF) គ្រោងនឹងបង្កើតឲ្យមាន Brand ដែលជាឈ្មោះ ឬយីហោផ្លូវការមួយ ដើម្បីជំរុញការផ្សព្វផ្សាយ លើកកម្ពស់ និងទាញការចាប់អារម្មណ៍ទូទាំងពិភពលោក ចំពោះ “គុនខ្មែរ” ដែលជាក្បាច់គុនបន្សល់ទុកដោយបុព្វបុរសខ្មែរ ដូចបណ្ដា Brand ព្រឹត្តិការណ៍កីឡាធំៗលើពិភពលោកដែរ ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ KIF ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ កាលពីថ្មីៗ ។


រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ខាងលើ មានប្រសាសន៍ថា ភារកិច្ចរបស់ KIF និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺរួមគ្នាជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ ដើម្បីការអភិវឌ្ឍន៍ និងអភិរក្សក្បាច់គុនបុរាណខ្មែរ ទាំងក្របខណ្ឌជាតិ និងអន្ដរជាតិ ហើយដើម្បីធានាបាននូវប្រសិទ្ធភាពការងារនេះ ត្រូវការជំរុញការរៀបចំនូវគុនខ្មែរអប់រំ ឬ Kun Khmer Education ផង និងគុនខ្មែរលក្ខណៈអាជីព ឬ Professional Kun Khmer ផង ។

ឯកឧត្តមពន្យល់ថា «ការប្រកួតគុនខ្មែរ ជាលក្ខណៈកីឡា បានន័យថា ត្រូវប្រកួតក្នុងបទបញ្ជាមួយច្បាស់លាស់ ដែលការពារមិនឲ្យកីឡាករមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គេហៅថា ការរៀបចំនូវការអប់រំគុនខ្មែរ ឬ Kun Khmer Education ដែលត្រូវរៀបចំឲ្យមានការទទួលយកបានពីក្មេងជំនាន់ក្រោយ ពីអ្នកចង់ស្រលាញ់នូវការហ្វឹកហាត់ ដើម្បីបង្កើននូវសុខភាព រាង្គកាយមាំមួន បង្កើតនូវគុណភាពជីវិតរបស់ពួកគាត់ មិនមែនហាត់គុនខ្មែរ ដើម្បីវៃគ្នា ឬអ្វីទេ គឺដើម្បីអប់រំខ្លួនគាត់ឲ្យរឹងមាំ និងពូកែតែប៉ុណ្ណឹង ។ នេះគឺជាអ្វីដែលយើងបានខិតខំប្រឹងប្រែងយកគុនខ្មែរ ឲ្យទៅជា “គុនខ្មែរអប់រំ” ។ 


«មួយទៀត ដើម្បីឲ្យផុសផុលរីកចម្រើន និងមានសន្ទុះចំណាប់អារម្មណ៍ខ្លាំងពីជាតិ និងអន្ដរជាតិ យើងធ្វើការរៀបចំឲ្យមាន គុនខ្មែរអាជីព ឬ Professional Kun Khmer ច្បាស់លាស់ ។ អ៊ីចឹងគុនខ្មែរ ទៅជាអាជីពផ្លូវការមួយ ដែលមានលក្ខណៈទូលំទូលាយ និងមានការគ្រប់គ្រងត្រឹមត្រូវ មានរបៀបរបបត្រឹមត្រូវ យើងធ្វើគុនខ្មែរមួយ ហើយធ្វើ Brand មួយ ធ្វើឈ្មោះ ឬយីហោមួយ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោក ដែលគេតែងតែធ្វើ Brand របស់គេ ដូចជា ONE FC ឬ UFC ជាដើម» ។ លោក វ៉ាត់ ចំរើន បន្ថែម ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «យើងនឹងត្រៀមក្នុងការបង្កើតដែរ(Brand) ដូចជា KKFC ឬ Kun Khmer Fight ជាដើម ដែលយើងគ្រោងជ្រើសរើសក្នុងពេលឆាប់ៗ ហើយសមាជិក KIF ក៏បានគាំទ្រការបង្កើត Brand ដើម្បីជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់គុណតម្លៃរបស់គុនខ្មែរនេះផងដែរ» ។


បើតាមការបង្ហើបរបស់មន្ដ្រីកីឡាជាន់ខ្ពស់របស់កម្ពុជាដដែល បន្ទាប់ពីការកំណត់ Brand ផ្លូវការរួចរាល់ សហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ អាចនឹងប្រើប្រាស់ Brand នេះ នៅក្នុងការប្រកួតគុនខ្មែរអន្ដរជាតិជ្រើសរើសជើងឯកពិភពលោក លើកទី៥ ចាប់ពីថ្ងៃទី០៦-០៨ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ នៅទឹកដីអង្គរ ខេត្តសៀមរាប ៕