ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិប្រចាំតំបន់អាស៊ាន Exprez Mekong Warrior Invitations (EMWI) 2025 បានរកឃើញក្រុមជើងឯកហើយ គឺក្រុម CFU Gaming របស់កម្ពុជា បន្ទាប់ពីយកឈ្នះក្រុមរួមជាតិ Pro E-Sports ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី ៦ ខែ កក្កដា កន្លងទៅ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិក T.Y Media E-sports Center។
ដោយទទួលបានការគាំទ្រពី សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ក្រុមហ៊ុន Khmer Beverages និងក្រុមហ៊ុន T.Y Media បានសហការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង ដើម្បីផ្ដល់ឱកាសដល់កីឡាករ អេឡិចត្រូនិកកម្ពុជា បានចូលរួមប្រកួតពង្រឹងសមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅកសាងសមត្ថភាព កាន់តែខ្ពស់សម្រាប់តំណាង កម្ពុជា ដើម្បីចូលរួមការប្រកួតលើឆាកអន្ដរជាតិ។ ការប្រកួតនេះ មាន ៤ ប្រទេសចូលរួម គឺមាន កម្ពុជា វៀតណាម ឡាវ និង សិង្ហបុរី ។
ក្រោយឆ្លងកាត់ការប្រកួតជម្រុះតាម Online ជាង ១ ខែ ដែលមានរាប់រយក្រុមចូលរួម ព្រឹត្តិការណ៍ EMWI 2025 នេះ ក៏រកឃើញបេក្ខភាព ៨ក្រុម តំណាងឲ្យប្រទេសទាំង ៤ ខាងលើ មកប្រកួតវគ្គ Play-Off នៅកម្ពុជា ហើយក្រុមអេឡិចត្រូនិកកម្ពុជា ធ្វើបានយ៉ាងល្អ ក្នុងការយកឈ្នះដៃគូក្រុមបរទេស ជាក់ស្ដែងក្រុម CFU Gaming និង Pro E-sports របស់កម្ពុជា ដែលបានឡើងវគ្គផ្ដាច់ព្រ័ត្រ មុនក្រុមខ្លាំង CFU បានយកឈ្នះ ដើម្បីគ្រងជើងឯក។
ក្រោយជួយក្រុមលើកពាន កីឡាករ ញ៉ែម ច័ន្ទដាវណ្ណ បានសម្ដែងការសប្បាយចិត្ត ដែលក្រុមខ្លួនទទួលបានជោគជ័យតាមផែនការ។ គេបានចាត់ទុកការប្រកួតនេះ គឺជាការកម្ដៅសាច់ដុំដ៏សំខាន់ សម្រាប់ក្រុមក្នុងការត្រៀមលក្ខណៈចូលរួមការប្រកួត MSC (MLBB Mid Season Cup 2025) នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត នាពេលខាងមុខ ក៏ដូចជាការប្រជែងឱកាសក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ២០២៥ នេះផងដែរ។
តំណាងក្រុមជើងឯកដដែលបន្ដថា ការរៀបចំព្រឹត្តិការណ៍អន្ដរជាតិបែបនេះ ពិតជាផ្ដល់ផលចំណេញច្រើន សម្រាប់វិស័យកីឡាអេឡិចត្រូនិកកម្ពុជា ពិសេសក្រុមខ្លួនផ្ទាល់ ក្នុងការអភិវឌ្ឍសមត្ថភាពកាន់តែល្អប្រសើរ សម្រាប់ត្រៀមការប្រកួតលើឆាកអន្ដរជាតិនានា ហើយគេក៏សង្ឃឹមថា ក្រុមហ៊ុន Khmer Beverages និង T.Y Media ក៏ដូចជាសហព័ន្ធ នឹងបន្ដរៀបចំការប្រកួតនេះ ឬពង្រីកការប្រកួត ទាំងថ្នាក់ជាតិ និងអន្ដរជាតិ ឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញ ការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជា ឲ្យកាន់តែរីកចម្រើន។
សម្រាប់ព្រឹត្តិការណ៍ Exprez Mekong Warrior Invitations 2025 លើកដំបូងនៅកម្ពុជា ដែលទើបបញ្ចប់នេះដែរ ចំពោះក្រុមជើងឯក CFU Gaming ទទួលបានពាន ១គ្រឿង អមប្រាក់រង្វាន់ ៦ពាន់ដុល្លារ ។ រីឯក្រុម Pro E-sports ទទួលបានចំណាត់ថ្នាក់លេខ២ អមប្រាក់រង្វាន់ ៣ ពាន់ដុល្លារ ខណៈលេខ៣ បានក្រុមកម្ពុជាដូចគ្នា គឺក្រុម Galaxy Legends ទទួលបានប្រាក់រង្វាន់ ២ពាន់ដុល្លារ។ រីឯក្រុមឈរលេខ៤ ដល់លេខ៨ ទាំងក្រុមកម្ពុជា វៀតណាម ឡាវ និង សិង្ហបុរី ក៏ទទួលបានប្រាក់ឧបត្ថម្ភផងដែរ៕