divider

សិក្ខាកាម២០% ទទួលបាននិទ្ទេសល្អបង្គួរ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម

news details
SPORT NEWS
ព្រហស្បតិ៍ ១៩ កញ្ញា ២០២៤
facebook
facebook
១៩ កញ្ញា ២០២៤
SPORT NEWS

ភ្នំពេញ៖ ឆ្លងតាមការសិក្សាអស់រយៈពេល ៧ថ្ងៃ សិក្ខាកាមទាំងអស់ដែបានទទួលនូវចំណេះដឹងបន្ថែមទៀតជាច្រើន ដើម្បីអភិវឌ្ឍជំនាញគ្រូបង្វឹកកីឡារាំកម្រិតមធ្យម និងបច្ចេកទេសល្អៗ ក្នុងនោះ សិក្ខាកាមដែលទទួលនិទ្ទេសល្អបង្គួរ ២០% និងនិទ្ទេសមធ្យម ៨០% ។


លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យមឱ្យប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោងទុកប្រកបដោយភាពជោគជ័យ និងកោតសរសើរចំពោះសិក្ខាកាមជាគ្រូបង្វឹកកម្រិតមធ្យម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាព ក្នុងការក្រេបជញ្ជក់នូវចំណេះដឹង ដោយទទួលបានលទ្ធផលល្អប្រសើរ។

ប្រធានសហព័ន្ធរូបនេះបាន លើកឡើងថា ជាការពិតណាស់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យមនេះ វាជាលើកទី២ហើយសម្រាប់សហព័ន្ធចាប់តាំងពីបង្កើតសហព័ន្ធមក ស្របតាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡារាំកម្ពុជា។ ជាមួយគ្នានេះ ប្រធានសហព័ន្ធក៏ថ្លែងអំណរគុណដល់គ្រូឧទ្ទេសប្រចាំវគ្គនេះ រួមមាន៖ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ លោក អៀង សំអាត ទីប្រឹក្សា សហព័ន្ធកីឡារាំ កញ្ញា YOU SHU JIE គ្រូសហព័ន្ធកីឡារាំ លោកគ្រូ ស៊ូវ តុង គ្រូសហព័ន្ធកីឡារាំ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹងជំនាញគ្រូបង្វឹកកីឡារាំដល់សិក្ខាកាមនាពេលនេះ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានប្រើប្រាស់កញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា តាមកម្មវិធីដែលក្រសួងដាក់ជូនសហព័ន្ធ។

ជាមួយគ្នានេះ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម ចាប់ពីថ្ងៃទី១២-១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។


 ដោយបានការអនុញ្ញាតជាគោលការណ៍ពីលោកជំទាវប្រធានសហព័ន្ធកីឡារាំកម្ពុជា សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡារាំកម្រិតមធ្យម ដែលមានសិក្ខាកាមចូលរួមសរុបចំនួន២៥នាក់ (ស្រី១៥នាក់ បុរស១០នាក់)។

លោកស្រី ហង់ ស៊ីមន បន្ថែមថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស លើផ្នែកគ្រូបង្វឹកកីឡារាំ និងជាពិសេសសម្រាប់អភិវឌ្ឍន៍ និងពង្រឹងនូវសមត្ថភាពគ្រូបង្វឹកជំនាញកីឡារាំនេះបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ។  


 ការរៀបចំវគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក្នុងកម្រិតជំនាញគ្រូបង្វឹកកីឡារាំកម្រិតមធ្យមដល់មន្រ្តីកីឡា កីឡាករ កីឡាការិនី នៃសហព័ន្ធកីឡារាំកម្ពុជា ដើម្បីអភិវឌ្ឍកីឡារាំឱ្យកាន់តែមានការរីកចម្រើនដូចបណ្តាលប្រទេសលើសកលលោក៕