ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានជួបប្រជុំជាមួយឯកឧត្តមបណ្ឌិត មាស សារិន អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងសមាជិក ដើម្បីពិភាក្សាលើការងារសំខាន់ៗមួយចំនួន ក្នុងន័យជំរុញការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះឲ្យកាន់តែរីកចម្រើន ។
ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានទទួលយកសំណើរបស់សហព័ន្ធមួយចំនួន ដែលបានស្នើសុំ ដោយវឯកឧត្តម បានជំរុញឲ្យមន្ដ្រីជំនាញសហព័ន្ធ ធ្វើការជាមួយមន្ដ្រី NOCC ឆ្ពោះទៅរកគោលដៅរួមមួយ ដើម្បីទទួលបានការឧបត្ថម្ភគាំទ្រ ទាំងការបណ្ដុះបណ្ដាលធនធានមនុស្ស និងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឲ្យការហ្វឹកហាត់ និងការអភិវឌ្ឍជាដើម ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការ បានផ្ដល់នូវការចែករំលែក និងវិធីសាស្ដ្រមួយចំនួន សម្រាប់សហព័ន្ធ ដែលមានកីឡាទូកប្រពៃណី ទូកកានូ និងរ៉ូអ៊ីង ស្ថិតក្រោមដំបូលសហព័ន្ធតែមួយ ដើម្បីទទួលបាននូវការគាំទ្រផ្នែករដ្ឋបាលពីក្រសួងអប់រំ យុវជន និងកីឡា ។ ចំពោះសំណើហ្វឹកហាត់ក្រៅប្រទេសវិញ ឯកឧត្តម ក៏បានទទួល និងបញ្ចូលក្នុងគម្រោងស្នើសុំអាហារូបករណ៍ហ្វឹកហាត់រយៈពេលវែងនៅចិន រហូតដល់ឆ្នាំ២០២៩ ផងដែរ ដ្បិតគម្រោងនេះ ផ្ដល់ជូនអត្តពលិកសរុបចំនួន ១៥០នាក់ប៉ុណ្ណោះ ។
ពាក់ព័ន្ធនឹងសំណើសាងសង់មជ្ឈមណ្ឌលកីឡាលើទឹករបស់សហព័ន្ធវិញ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានឯកភាពឲ្យមន្ដ្រីជំនាញ ធ្វើការជាមួយភាគីសហព័ន្ធ ដើម្បីសិក្សា និងរៀបចំគម្រោងស្វែងរកជំនួយជួយទៅតាមលទ្ធភាព ក្នុងឆន្ទៈរួមមួយ ដើម្បីជួយគាំទ្រដល់សហព័ន្ធកីឡាជាតិ ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាដដែល បានគាំទ្រចំពោះផែនការអភិវឌ្ឍន៍របស់សហព័ន្ធ ។ ក្នុងនាមជាប្រភេទកីឡាអូឡាំពិក ឯកឧត្តមបានជំរុញ និងលើកទឹកចិត្តឲ្យថ្នាក់ដឹកនាំសហព័ន្ធ បន្ដបេសកកម្មរបស់ខ្លួន ពិសេសលើការស្វែងរកធនធានកីឡាករ-កីឡាការិនី ដែលមានទេពកោសល្យខ្ពស់ សម្រាប់យកមកបំប៉នបន្ថែម ក្រោមការឧបត្ថម្ភពិសេសរបស់ក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសឆ្ពោះទៅរកមេដាយអូឡាំពិក នាថ្ងៃអនាគតផងដែរ ៕