Joseph Schooling ជាកីឡាករហែលទឹកម្នាក់គត់របស់សិង្ហបុរីដែលឈ្នះមេដាយមាសអូឡាំពិកបានប្រកាសចូលនិវត្តន៍ហើយក្នុងវ័យត្រឹម ២៨ឆ្នាំ កាលថ្ងៃអង្គារ ទី០២ ខែមេសា។
គេបានចែករំលែកនៅលើទំព័រផ្ទាល់ខ្លួនថា ចាប់ពីថ្ងៃនេះទៅគេលែងជាកីឡាករហែលទឹកទៀតហើយ និងមិនមានការសោកស្ដាយអ្វីទេចំពោះការសម្រេចនេះ តែថា វាជាបទពិសោធដ៏មានតម្លៃមួយ ក្នុងការឈានទៅបើកទំព័រថ្មីនៃជីវិត។
ក្នុងឆ្នាំ 2016 នៃព្រឹត្តិការណ៏ប្រកួតកីឡាអូឡាំពិក ក្រុង Rio ប្រទេសប្រេស៊ីល Schooling បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដោយការឈ្នះ Michael Phelps ក្រសោបបានមេដាយមាសតែម្ដង។
តែយ៉ាងណា ភាពជោគជ័យនេះមិនបានឋិតឋេរទេ។ ជាក់ស្ដែង គេបានត្រឹមមេដាយសំរឹទ្ធនៅជើងឯកពិភពលោកឆ្នាំ ២០១៧ ហើយបានបរាជ័យ ក្នុងការការពារមេដាយមាសនៅអូឡាំពិកក្រុងតូក្យូឆ្នាំ២០២១។
ឆ្នាំ ២០២២ Schooling បានជាប់ក្នុងរឿងអាស្រូវប្រើប្រាស់សារធាតុហាមឃាត់។ នៅឆ្នាំ ២០២៣ គេត្រូវបានដកចេញពីក្រុម សិង្ហបុរី សម្រាប់ ព្រឹត្តិការណ៍ Asian Games នៅ Hangzhou ដោយសារតែការធ្លាក់គុណផល។
Schooling បានចូលនិវត្តន៍ជាមួយនឹងសមិទ្ធិផលជាច្រើន រួមមានមេដាយមាសអូឡាំពិក១គ្រឿង មេដាយមាសកីឡាអាស៊ី (Asian Games) ចំនួន៣គ្រឿង និងមេដាយចំនួន ២៩ ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games)៕