divider

ប្រតិភូប្រដាល់គុនខ្មែរអាមេរិកទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

news details
KUN KHMER
ចន្ទ ២៤ មីនា ២០២៥
facebook
facebook
២៤ មីនា ២០២៥
KUN KHMER

នារសៀលថ្ងៃទី ២៥ ខែមីនា នេះ ឯកឧត្តមទេសរដ្ឋមន្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា "៖ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្រតិភូទាំងអស់់ និងផ្ដល់នូវព័ត៌មានមួយចំនួនស្ដីពីយុទ្ធគុនខ្មែរដែលជាយុទ្ធគុនចំណាស់យូរអង្វែង ជាវប្បធម៌ជាតិ ជាព្រលឹងវប្បធម៌ជាតិខ្មែរ។

យើងមានគុនខ្មែរជាក្បាច់គុនចំណាស់ តែដោយសារសង្គ្រាមស៊ីវិល យើងបាត់ឱកាសអភិវឌ្ឍ និងផ្សព្វផ្សាយ។ ឥឡូវនេះយើងកំពុងតែអភិវឌ្ឍ និងផ្សព្វផ្សាយ ហើយអរគុណដល់ប្រតិភូពីសហរដ្ឋអាមេរិកដែលបានគាំទ្រ និងជួយលើកស្ទួយគុនខ្មែរ។ សម្ដេចបានអរគុណដល់ប្រតិភូពីសហរដ្ឋអាមេរិកដែលបានគាំទ្រ និងជួយលើកស្ទួយគុនខ្មែរ។


នេះជាការប្រកួតបង្ហាញពីមិត្តភាពរវាងអាមេរិក និងកម្ពុជា និងស្មារតីកីឡារវាងគុនខ្មែរ និងគុនខ្មែរនៅអាមេរិក។ សម្ដេចធិបតីក៏បានមានប្រសាសន៍ពីចម្លាក់ជាច្រើននៅតាមប្រាសាទ និងសូមឱ្យប្រតិភូឆ្លៀតទៅទស្សនានៅប្រាសាទអង្គរវត្ត ពិនិត្យឃើញក្បាច់ចម្លាក់ទាំងអស់ហ្នឹង។

សម្ដេចក៏បានរំឭកដែរថា ក្បាច់គុនខ្មែរ គុនល្បុក្កតោ យុទ្ធក្រមខម បានប្រមូលគ្នាចងក្រងឱ្យទៅជាក្បាច់គុនដែលផ្ដួចផ្ដើមដោយសម្ដេចដើម្បីបង្កើតក្បាច់គុនកងយោធពលខេមរភូមិន្ទដែលដាក់ឱ្យកងទ័ពហ្វឹកហាត់។


ប្រតិភូអាមេរិកក៏បានថ្លែងអំណរគុណដល់សម្ដេចធិបតីចំពោះការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ចំពោះការជំនួបសម្ដែងការគួរសមនេះ និងទទួលបានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅពីសម្ដេច ពីរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកីឡាធ្វើឱ្យសមាជិកប្រតិភូទាំងអស់មានភាពសប្បាយរីករាយ។ ប្រតិភូអាមេរិកបានបង្ហាញពីមនោសញ្ចេតនា និងខិតខំលើកកម្ពស់គុនខ្មែរបន្តទៀតជាមួយខាងថោន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។"

គួរបញ្ជាក់ផងដែរថា មុនចូលជួបសម្តែងការគួរសម សម្ដេចមហាបវរធិបតី ក៍បានចូលជួបសម្តែងការគួរសម ឯកឧត្តមទេសរដ្ឋមន្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងជំនួបពិភាក្សាដាច់ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ ឯកឧត្តមទេសរដ្ឋមន្រី ថោង ខុន បានបង្ហាញវីដេអូពីជោគជ័យនៃការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងបានចែករំលែកពីប្រវត្តិសាស្ត្រ ជាពិសេសពាក់ព័ន្ធនឹងគុនខ្មែរនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអញ្ជើញប្រតិភូ និងប្រធាន WCK ទៅធ្វើទស្សនកិច្ចនៅប្រាសាទអង្គរវត្ត និងជញ្ជាំងប្រាសាទបាយ័នដើម្បីបង្ហាញពីទឹកដីនៃកំណើតយុទ្ធគុនខ្មែរ ជាពិសេសគុនខ្មែរ៕