divider

បានមេដាយច្រើនជាងមុនពីជើងឯកអាស៊ី ជាលទ្ធផលលើសពីការរំពឹងទុកសម្រាប់ក្រុមជឺជីតស៊ូកម្ពុជា

news details
SPORT NEWS
ព្រហស្បតិ៍ ២៩ ឧសភា ២០២៥
facebook
facebook
២៩ ឧសភា ២០២៥
SPORT NEWS

លោក Jasper Martin Paas គ្រូបង្គោលក្រុមកីឡាជឺជីតស៊ូកម្ពុជា បានបង្ហាញពីភាពរីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលពីការប្រកួត ព្រឹត្តិការណ៍កីឡាជឺជីតស៊ូ the 2025 Asian Championship U21 & Adults នាក្រុង Amman ប្រទេសហ្សកដានី កាលពីពេលថ្មីៗនេះ ដែលកូនក្រុមរបស់លោកដណ្ដើមបានមេដាយដល់ទៅ ១១ គ្រឿង មានមាស ២ ប្រាក់ ៦ និងសំរឹទ្ធ ៣។ 

គ្រូបង្វឹកជនជាតិហូឡង់ចាត់ទុកសមិទ្ធផលខាងលើថា ពិតជាល្អបំផុត និងលើសពីការរំពឹងទុកទៅទៀត ព្រោះការប្រកួតលើកមុន កូនក្រុមលោកទទួលបានមេដាយត្រឹម៥គ្រឿង ហើយសុទ្ធតែជាមេដាយសំរឹទ្ធទៅទៀត។ លោកសង្ឃឹមថា កូនក្រុមនឹងកើនសមត្ថភាពថែមទៀត ជាពិសេសត្រៀម ការប្រកួតជើងឯកពិភពលោក និង ស៊ីហ្គេមចុងឆ្នាំនេះ ដែលសុទ្ធតែធ្វើឡើងនៅប្រទេសថៃ។ ទន្ទឹមនឹងនេះ លទ្ធផលល្អជាបន្តបន្ទាប់ ក៏បានបង្ហាញដែរថា ការប្រឹងប្រែងផលិតធនធានអត្តពលិកឆ្នើម ពិតជាបានផ្ដល់ផ្លែផ្កាយ៉ាងវិជ្ជមាន។

ចំណែក កីឡាការិនី គង់ ម៉ូណាជេសស៊ីកា , កីឡាការិនី ហេង ស៊ីវហ៊ាង និង កីឡាការិនី ទីន សុវណ្ណបួរកែវ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីក្រសោបបានមេដាយយ៉ាងច្រើនជូនជាតិ។ នេះជាកម្លាំងចិត្តសម្រាប់អ្នកទាំង៣ឱ្យបន្តការប្រឹងប្រែងទៅមុខទៀត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជឺជីតស៊ូ the 2025 Asian Championship U21 & Adults នាក្រុង Amman ប្រទេសហ្សកដានី បានប្រព្រឹត្តទៅពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៨ ខែឧសភា។ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជូនអត្តពលិក ៦ រូបមាន កីឡាករ មឿនលីម សុបញ្ញា, កីឡាករ គង់ម៉ូណា មិថុរ៉ា, កីឡាករ ទូច ពីរកក្កដា, កីឡាការិនី ទីន សុវណ្ណបួរកែវ, កីឡាការិនី ហេង ស៊ីវហ៊ាង និង កីឡាការិនី គង់ម៉ូណា ជេសស៊ីកា៕