ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានដំណើរការប្រកួតជាផ្លូវការហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
ការប្រកួតនេះ មានក្លឹបរាជធានី-ខេត្ត ចូលរួមចំនួន ៨ រួមមាន៖ ខេត្តព្រះវិហារ, ខេត្ត បាត់ដំបង, ខេត្តសៀមរាប, ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្លឹប អរុណរះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្លឹបខេត្តកណ្តាល ដែលមានកីឡាករកីឡាការិនី ចូលរួមសរុបចំនួន ៥៥នាក់ ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។
នេះបើយោងតាមការបញ្ជាក់ពី លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ។
លោក អគ្គលេខាធិការរង បានគូសបញ្ជាក់ទៀតថា ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកនេះ សហព័ន្ធបានដាក់ ៤ វិញ្ញាសា រួមមាន៖ វិញ្ញាសាវាយឯកត្តជនបុរស, វិញ្ញាសាវាយឯកត្តជននារី, វិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយគូបុរសនារី ។
លោកអះអាងថា ការប្រកួតនេះ បានធ្វើឡើងដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗ ចូលជាក្រុមជម្រើសជាតិ ប្រមូលផ្តុំហ្វឹកហាត់ត្រៀមស៊ីហ្គេម នៅថៃ ចុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ សម្រាប់ការប្រកួតនេះ កីឡាករកីឡាការិនី ដែលដណ្តើមបានចំណាត់ល្អពីចំណាត់លេខ១ ដល់លេខ៣ តាមប្រភេទវិញ្ញាសានីមួយៗ នឹងត្រូវជាប់ជម្រើសរបស់សហព័ន្ធ ក្នុងការត្រៀមធ្វើតេស្តចូលក្រុមជម្រើសជាតិហ្វឹកហាត់ ចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ៕