divider

អ្នកចាំទី រ៉េត លីហេង ធ្លាប់ហែលឆ្លងការលំបាកជាច្រើនក្នុងគ្រួសារ មុនបានផ្លែផ្កាក្នុងកីឡាដូចសព្វថ្ងៃ

news details
SOCCER
ព្រហស្បតិ៍ ២៥ មេសា ២០២៤
facebook
facebook
២៥ មេសា ២០២៤
SOCCER

រ៉េត លីហេង ជាអ្នកចាំទីមួយរូប ក្នុងក្រុមណាហ្គាវើលដ៍ និងធ្លាប់ចំណាយពេលច្រើនឆ្នាំនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី។ 


តែមុនឈានដល់ចំណុចផ្លែផ្កានេះ យុវជនមានកំណើតនៅខេត្តកំពង់ចាមធ្លាប់ហែលឆ្លងការលំបាកខ្លាំងក្នុងជីវិត ជាពិសេសជីវភាពគ្រួសារតែម្ដង។ ជាក់ស្ដែងអំឡុងឆ្នាំ២០១៨ គេបានបង្ខំចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី៨ ទៅធ្វើការជាអ្នករៀបចំទឹកនៅតារាងបាល់ទាត់ជិតផ្ទះ ដើម្បីជួយរកចំណូលជួយគ្រួសារ។ ជួយគ្រួសារដោយសារតែជីវភាពធ្លាក់ដុនដាប ក្រោយឪពុកសម្រេចចិត្តលក់ទ្រព្យសម្បត្តិក្នុងផ្ទះអស់ពីខ្លួនយកប្រាក់ព្យាបាលជំងឺម្ដាយ។

ធ្វើការជាអ្នកលើកទឹកក្នុងតារាង លីហេង ទទួលបានថ្លៃពលកម្ម១២០ដុល្លារក្នុងមួយខែ ហើយម្ចាស់តារាងក៏បានផ្ដល់អាហារ៣ពេល និងកន្លែងស្នាក់នៅផងដែរ។ បានប្រាក់ខែនេះហើយ គេអាចយកជួយគ្រួសារ និងជួយប្អូនៗបានបន្តរៀនសូត្រ។ ធ្វើការនៅតារាងបាល់ លីហេង ក៏អាចមានឱកាសលេងដោយខ្លួនឯងដែរ។


ទាក់ទងទៅនឹងការបោះបង់ការសិក្សានេះដែរ សមាជិកជម្រើសជាតិកម្ពុជាដដែលទទូចថា ពិតជាស្ដាយខ្លាំងណាស់ ព្រោះបារម្ភពីអនាគត តែមិនមានជម្រើស ដោយសារតែកត្តាជីវភាព។ ឪពុករបស់គេក៏មិនបានថា អីទេ។


បន្ទាប់ពីបានហ្វឹកហាត់ និងលេងនៅស្រុកកំណើត រ៉េត លីហេង ត្រូវបានគ្រូបង្វឹកបញ្ជូនទៅធ្វើតេស្ដនៅសាលាបាល់ទាត់ជាតិបាទីអំឡុងឆ្នាំ២០១៩ ហើយក៏បានជាប់ និងលេងនៅទីនោះរហូតដល់ចប់រដូវកាល២០២២ និងបានចូលរួមជាមួយណាហ្គាវើលដ៍។ 

ការមកដល់ណាហ្គាវើលដ៍ កីឡាករវ័យក្មេងរូបនេះទទួលស្គាល់ពីការប្រកួតប្រជែងខ្លាំង តែក៏ទទួលបានបទពិសោធពីរៀមច្បង ដូចជា ស៊ូ យ៉ាទី ដែលជានិមិត្តរូបរបស់គេ។


រ៉េត លីហេង បន្ថែមថា បាល់ទាត់ធ្វើឲ្យរូបគេទទួលបានបទពិសោធច្រើនទាំងក្នុងជីវិត និងសមត្ថភាពផ្ទាល់ខ្លួន។ គេក៏មានលទ្ធភាពបន្តការសិក្សាឡើងវិញផងដែរ៕