ភ្នំពេញ៖ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានវាយតម្លៃខ្ពស់ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤នេះ ការរៀបចំបានប្រព្រឹត្តិទៅបានល្អ ប្រកបដោយស្តង់ដារអន្តរជាតិ។
ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានវាយតម្លៃ ក្នុងកម្មវិធីបិទ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា យុទ្ធសាស្រ្តគន្លឹះក្នុងអាណត្តិទី១០ ចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៨ ដែលជាការដាក់ចេញដោយ ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូព័ន្ធ មុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តគន្លឹះសំខាន់ៗឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផ្តោតលើការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តប្រកដោយគុណភាពនិងប្រសិទ្ធិភាពខ្ពស់។
ទី១ គន្លឹះលើកកម្ពស់ចលនាការ៉ាតេ ដើម្បីទាំងអស់គ្នា ទី២ ការអភិវឌ្ឍបច្ចេកទេសជំនាញដល់គ្រូនិងក្លឹប សម្រាប់គ្រូបង្វឹក គ្រូជំនួយ និងចៅក្រម អាជ្ញាកណ្តាល ទី៣ ការកៀគរចំណូលបន្ថែមដល់ មូលនិធិកីឡាការ៉ាតេ និងមានការជំរុញចលនាដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត ទ្រទ្រង់ដល់ កីឡាការ៉ាតេ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលនិតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដោយមានការជំរុញចលនា យុវជនម្នាក់ចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។
ទន្ទឹមនិងនោះដែរ គោលនយោបាយរបស់ក្រសួងអប់រំយុវជន និងកីឡា លើកកម្ពស់កំណែទម្រង់ការអភិវឌ្ឍការអប់រំកាយនិងកីឡាឆ្នាំ២០២៤ដល់២០២៨ ដោយបន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងធនធានមនុស្សគ្រប់រូបឱ្យមានសុខភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមុះមុត អំណត់ព្យាយាម មានវិន័យល្អ ចេះគោរពស្មារតីជាក្រុម និងគំនិតឆ្នៃប្រឌិតសំដៅឆ្ពោះទៅដណ្តើមលទ្ធផលល្អប្រសើរក្នុងការប្រកួតលើឆាកអន្តរជាតិ។
ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ដែលមានការចូលរួមយ៉ាងផុសផុលពីសាលាគុន និងក្លឹបទាំង២៨នេះ បានបង្ហាញនូវការចូលរួមបំផុសសកម្មភាពយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យកីឡាការ៉ាតេ ឱ្យមានទាំងគុណភាព និងបរិមាណ ចូលរួមការប្រកួតនានា មានដូចជា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍នៅប្រទេសប្រ៊ុយណេឆ្នាំ២០២៥. ព្រឹត្តិការណ៍ស៊ីហ្គេម នៅថៃ និងកីឡាយុវជអាស៊ីលើកទី៥ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៩។
ឯកឧត្តម ក្នុងនាមក្រសួងអប់រំយុវជននិងកីឡា បានជំរុញលើកទឹកចិត្តដល់ ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីការ៉ាតេទាំងអស់ ចូលរួមបំផុសលេងកីឡាការ៉ាតេដល់ប្រជាជន ទាំងជនមិនពិការភាព និងជនមានពិការភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍ ធនធានមនុស្សអោយមានគុណភាព និងសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅការអភិវឌ្ឍប្រទេសជាតិ។
ពិសេស ត្រូវបន្តអភិវឌ្ឍន៍យន្តការអប់រំដែលបានដាក់ចេញដោយក្រសួងអប់រំយុវជននិងកីឡា គឺ កីឡារស់ក្នុងសន្តិភាព ប្រជាជនម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត កីឡាគ្មានគ្រឿងញៀន និងផ្សែងបារី កីឡាបៃតង កីឡាស្អាតស្អំ និង កីឡាគ្មានសារធាតុដូប៉ាឬដូពីង៕