អ្នកស្រី Kirsty Coventry ដែលបានជាប់ឆ្នោតជាប្រធានថ្មីនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជំនួសប្រធានចាស់ លោក Thomas Bach នឹងទទួលបានការតែងតាំងជាផ្លូវការនៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ពោលចំថ្ងៃនៃទិវាអូឡាំពិក (Olympic Day) តែម្ដង។
ស្ត្រីជនជាតិហ្ស៊ីមបាវ៉េខាងលើទទួលបានសម្លេង ៤៩ លើ ៩៧ ក្នុងចំណោមបេក្ខភាព ៦ រូបទៀត ក្នុងការបោះឆ្នោតពីសមាជិក គណៈកម្មាធិការអូឡាំពិកអន្តរជាតិ កាលខែមីនា ឆ្នាំ២០២៥ កន្លងទៅ និងបានក្លាយជាប្រធាន IOC ស្រ្តីទី១ ដែលមិនមែនជាបុរស ក្នុងប្រវត្តិសាស្ត្រនៃ ចលនាអូឡាំពិក។
គួររំឭកថា អ្នកស្រី Kirsty Coventry វ័យ ៤១ ឆ្នាំក៏ធ្លាប់ជា អត្តពលិក ដ៏ឆ្នើមប្រចាំ ប្រទេសហ្ស៊ីមបាវ៉េ និងស្ថិតក្នុងចំណោមអត្តពលិកឆ្នើមនៅ ទ្វីបអាហ្វ្រិក។ បច្ចុប្បន្នអ្នកស្រីក៏ជាអតីតរដ្ឋមន្ត្រីក្រសួង យុវជន និង កីឡា នៃប្រទេសហ្ស៊ីមបាវ៉េ ពីចន្លោះឆ្នាំ ២០១៨ ដល់ ២០២៥។
អ្នកស្រីធ្លាប់ឈ្នះជាម្ចាស់ មេដាយមាសហែលទឹកអូឡាំពិក ដល់ទៅ ៧ គ្រឿងក្នុងឆ្នាំ ២០០៤ និង ២០០៨។
សូមជម្រាបជូនដែរថា ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នឹងមានការប្រារព្ធទិវាអូឡាំពិក ឬ Olympic Day ជាទិវា នៃចលនាអូឡាំពិកមួយ ដែលបណ្ដាប្រទេសជាសមាជិកនៃ គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) តែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭក គុណតម្លៃកីឡាអូឡាំពិក ខណៈកម្ពុជា ក៏បានរៀបចំជារៀងរាល់ឆ្នាំដែរ។
សម្រាប់ការប្រារព្ធទិវាអូឡាំពិក នៅប្រទេសកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានរៀបចំនៅថ្ងៃអាទិត្យ ទី២២ ខែមិថុនា នាពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង៧ព្រឹកតទៅ ដោយមានការចូលរួមពី សិស្សានុសិស្ស ចំនួន ៤០០នាក់ មកពី វិទ្យាល័យឫស្សីកែវ ២០០នាក់ និងវិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ ២០០នាក់ បូករួមទាំងក្រុម កីឡាករ-កីឡាការិនី ជម្រើសជាតិ ១០០នាក់ ទៀតសរុប ៥០០នាក់៕