សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៤ ២០២០/២០២៤ និងបន្តអាណត្តិថ្មីទី៥ ២០២៤/២០២៨ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម កឹម សុខុន អនុប្រធានសហព័ន្ធ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរំឭកថា សមិទ្ធផលដែលទទួលបានក្នុងអាណត្តិចាស់ គឺ អត្តពលិកទទួលបានមេដាយជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយមានមេដាយប្រាក់១ និងមេដាយសំរឹទ្ធ១។
គណៈកម្មការបច្ចេកទេសអន្តរជាតិរបស់សហព័ន្ធក៏មានលទ្ធភាពរៀបចំការប្រកួតដោយខ្លួនឯង និងអាចធ្វើការជាមួយក្រុមការងារសហព័ន្ធទ្វីបអាស៊ី
និងពិភពលោក។ ជាក់ស្ដែង គណៈកម្មការបរទេសដែលបានចូលរួមរៀបចំការប្រកួតស៊ីហ្គេម កាលឆ្នាំ២០២៣ មានតែ៦នាក់ប៉ុណ្ណោះ ក្រៅពីនោះជាគណៈកម្មការក្នុងស្រុក។
សម្រាប់ក្រុមការងារគ្រូបង្វឹកវិញ បច្ចុប្បន្នមានដល់កម្រិត២ហើយ ហើយឆ្នាំក្រោយសហព័ន្ធមានគម្រោងបញ្ជូនទៅសិក្សាកម្រិត៣នៅប្រទេសស្វីស ដែលកម្រិត៣នេះឈានដល់កម្រិតអាស៊ាន និងពិភពលោកបាន។
ជុំវិញផែនការអភិវឌ្ឍន៍បន្តទៅមុខ លោក នូ ចំរើន ឱ្យដឹងថា សហព័ន្ធមានបំណងជ្រើសរើសយុវជនថ្នាលសម្រាប់ឆ្នាំ២០២៩។ កន្លងមក សហព័ន្ធមិនទាន់មានយុវជនថ្នាលកម្រិតអាយុ១២ទៅ១៣ឆ្នាំឡើយ។ សហព័ន្ធនឹងធ្វើការជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីស្នើសុំការគាំទ្រសម្រាប់ការបោះជំរំហ្វឹកហាត់ ឬចូលរួមការប្រកួតណាសំខាន់ៗ ក្នុងន័យសម្រួចសមត្ថភាពត្រៀមព្រឹត្តិការណ៍យុវជនអាស៊ី ឆ្នាំ២០២៩។
ជាមួយគ្នានេះ សហព័ន្ធក៏មានផែនការអភិវឌ្ឍធនធានគ្រូបង្វឹក និងកីឡាករ រៀបចំទីលានហ្វឹកហាត់ស្តង់ដារមួយសម្រាប់ឆ្នាំ២០២៩។ ទន្ទឹមនឹងនេះ សហព័ន្ធមានផែនការសម្រាប់ស៊ីហ្គេម២០២៥ ដោយធ្វើការជាមួយកុមារឱ្យបានច្រើន ក៏ដូចជាគម្រោងបោះជំរំហ្វឹកហាត់សម្រាប់អត្តពលិកក្រុមធំ ខណៈទីតាំងមានចំនួន២ហើយ គឺ កំពត និងពោធិ៍សាត់។
ទាក់ទងទៅនឹងការជ្រើសរើសយុវជនវិញ សហព័ន្ធបានសម្លឹងបណ្ដើរៗហើយទៅតាមក្លឹបនីមួយៗ និងការប្រកួត Mountain Bike Series ដែលប្រព្រឹត្តទៅ៥លើកក្នុងមួយឆ្នាំ។ ដូច្នេះ សហព័ន្ធនឹងបញ្ចូលកម្រិតយុវជនទៅក្នុងការប្រកួតជើងឯកថ្នាក់ជាតិឱ្យពួកគេមានការប្រកួតប្រជែងគ្នា៕