ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងគម្រោងរៀបចំការប្រកួត ដែលជាទិសដៅសម្រាប់ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ២០២៥ នៅអាគារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានមានប្រសាសន៍ថា នេះ ឆ្លងកាត់ការជជែកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ជាលទ្ធផលទី១យើងបានឯកភាពគ្នា នឹងរៀបចំការប្រកួតគុនខ្មែរជើងឯកអន្តរជាតិនេះ នៅអំឡុងខែ កញ្ញា ឆ្នាំ២០២៥ នៅខេត្ត ព្រះសីហនុ។ ក្រៅពីការជែកអំពីគម្រោងរៀបចំការប្រកួតដែលជាគម្រោងប្រចាំឆ្នាំ២០២៥ ក្នុងនោះ យើងក៏បានជជែកពិភាក្សាគ្នាលើយន្តការរួមនៃការធ្វើសុខដមរនីយកម្ម រវាងសហព័ន្ធប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិលើការធ្វើបទដ្ឋានគតិយុទ្ធ បទបញ្ជាការប្រកួត ទាំងធនធានមនុស្ស បច្ចេកទេស ជាពិសេស ការគ្រប់គ្រងដឹកនាំ ដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នា និងឯកភាពគ្នាជាធ្លុងតែមួយ នៅក្នុងជាតិ និងទៅកាន់អន្តរជាតិ ដើម្បីឱ្យប្រទេសជាសមាជិក គុនខ្មែរ ទទួលបាននូវព័ត៌មានតែមួយ សំលេងតែមួយរបស់ គុនខ្មែរជាតិ របស់យើង។
ទន្ទឹមនោះដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ក៏បានរំលេចបន្ថែមថា ដោយសារតែទទួលបានការគាំទ្រពី ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធគុនខ្មែរអន្តរជាតិ នឹងធ្វើសន្និបាត ដើម្បីកែសម្រួលលក្ខណ្ឌមួយចំនួននៅពេលឆាប់ៗខាងមុខនេះ មុនការរៀបចំកីឡាប្រដាល់គុនខ្មែរពិភពលោក ដើម្បីឱ្យប្រទេស ដែលមកចូលរួមទាំងអស់ បានទទួលស្គាល់អំពីការដឹកនាំគ្រប់គ្រង នៃ រចនាសម្ព័ន្ធថ្មី របស់សហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិ។
ឯកឧត្តម បានអះអាងថា កាលណាកម្លាំងយើងបានជុំគ្នាហើយ យើងនឹងជំរុញសន្ទោះនៃការអភិវឌ្ឍគុនខ្មែរ ដើម្បីឧត្តមប្រយោជន៍ជាតិរបស់យើង៕