divider

វគ្គបណ្ដុះបណ្ដាលដំឡើងគុណវុឌ្ឍិធ្វើឱ្យគ្រូអប់រំកាយ និងកីឡា ក្លាយជាធនធានគ្រូប្រកបដោយវិជ្ជាជីវៈពេញលេញ

news details
OLYMPIC CAMBODIA
ព្រហស្បតិ៍ ២២ ឧសភា ២០២៥
facebook
facebook
២២ ឧសភា ២០២៥
OLYMPIC CAMBODIA

ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ និង វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលដំឡើងគុណវុឌ្ឍិដើម្បីទទួលបានបរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយដល់សិក្ខាកាម៣០រូបជាគ្រូអប់រំកាយ និងកីឡាកម្រិតមូលដ្ឋាន។

ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលដ៏ពិសេសនេះជាក្ដីសង្ឃឹមមួយសម្រាប់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រោះបានប្រែក្លាយពីវិទ្យាស្ថានកម្រិតធម្មតាទៅជាមធ្យមសិក្សាហើយ និងបានវិវឌ្ឍទៅមុខជាលំដាប់ក្រោមការយកចិត្តទុកដាក់ពីក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាមូលធនមនុស្សប្រកបដោយវិជ្ជាជីវៈ និងជាតម្រូវការទីផ្សារកីឡាផង និង​សម្រាប់ជាតិផង។


ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានក្រើនរំឭកដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនដើម្បីទទួលបានចំណេះដឹងពង្រឹងសមត្ថភាពឱ្យបានខ្លាំងក្លាថែមទៀត។

តាមរបាយការណ៍របស់អ្នកស្រី កែវ មនោរា នាយិការវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅចំនួន២សប្ដាហ៍ពីថ្ងៃទី១៩ដល់ថ្ងៃទី៣០ ខែឧសភា មានចំនួន៦០ក្រេឌីត ដោយមានការជួយឧបត្ថម្ភជ្រោមជែងពីអង្គការបេះដូងមាស។


អ្នកស្រី កែវ មនោរា បន្ថែមថា គោលបំណងនៃវគ្គបណ្ដុះបណ្ដាល គឺធ្វើឡើងឱ្យស្របតាមប្រកាស ១៤៣៥ អយក.ប្រក ដែលគ្រូបង្រៀននៅថ្នាក់ឧត្តមសិក្សាត្រូវមានសញ្ញាបត្រខ្ពស់ជាងកម្មវិធីដែលខ្លួនបង្រៀនមួយកម្រិតហើយស្របទៅនឹងជំនាញរបស់ខ្លួន។ ទន្ទឹមនឹងនេះ គឺដំឡើងគុណវុឌ្ឍិគ្រូបង្រៀនអប់រំកាយនិងកីឡា ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពរៀន និងបង្រៀន៕