divider

គ្រូជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានបង្ហាញការពេញចិត្ត ចំពោះជ័យជម្នះ ១-០ លើក្រុមភ្ញៀវហ្គាំយប់មិញ

news details
SOCCER
ពុធ ២៥ មិថុនា ២០២៥
facebook
facebook
២៥ មិថុនា ២០២៥
SOCCER

លោក Conor Nestor គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា បានបង្ហាញការពេញចិត្ត ចំពោះជ័យជម្នះ ១-០ លើក្រុមភ្ញៀវហ្គាំ នៅក្នុងជំនួបមិត្តភាពអន្ដរជាតិ កាលពីរាត្រីថ្ងៃពុធកន្លងទៅ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ពិសេសគឺស្ទាយលេងគ្រប់គ្រងការប្រកួតរបស់កីឡាការិនីកម្ពុជាតែម្ដង។

សម្រាប់ជំនួបមិត្តភាពអន្ដរជាតិលើកដំបូងនៅកម្ពុជា ក្រុមបាល់ទាត់នារីកម្ពុជា ពិតជាបង្ហាញនូវគុណភាពលេងដ៏ភ្ញាក់ផ្អើល ត្រឹមរយៈពេល ១៥នាទី បានបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ១គ្រាប់មុន ដោយកីឡាការិនី សឿន វិផា ។ បន្ទាប់មកពួកគេ បានបន្ដគ្រប់គ្រងបាល់ ជាមួយការដាក់សម្ពាធ រហូតមានឱកាសស៊ុតជាច្រើនលើកបន្ថែមទៀត តែធ្វើមិនបានសម្រេច។

ក្រោយចប់ការប្រកួតលោក Conor បានលើកឡើងថា «ខ្ញុំពិតជាពេញចិត្តសម្រាប់លទ្ធផលថ្ងៃនេះ។ ដូចខ្ញុំនិយាយក្នុងសន្និសីទ ខ្ញុំមកទីនេះ ដើម្បីបន្ដនូវអ្វីដែលក្រុមការងារពីមុនធ្លាប់បានធ្វើរួចមកហើយ។ ខ្ញុំបានពិភាក្សាជាមួយប្រធានក្លិបបឹងកេត(អ្នកស្រី ពុធ ធីតា) និងគ្រូជំនួយលោក ឃួន ឡាបូរ៉ាវី ។ ដូចយើងបានឃើញច្បាស់ណាស់ ការប្រកួតនេះ គឺក្រុមគាត់លេងស្ទាយគ្រប់គ្រងការប្រកួត។ អ៊ីចឹងហើយខ្ញុំពេញចិត្តជាមួយលទ្ធផលថ្ងៃនេះ»។

តាមរយៈជ័យជម្នះលើក្រុមកំពុងឈរលេខរៀងទី៩៧ នៃចំណាត់ថ្នាក់ពិភពលោកផ្នែកបាល់ទាត់នារី គ្រាដែលក្រុមបាល់ទាត់នារីកម្ពុជា កំពុងឈរលេខរៀងទី១១៨ នេះ លោករំពឹងថា នឹងបន្ថែមនូវទំនុកចិត្តបន្ថែមទៀត សម្រាប់កូនក្រុម ដ្បិតពួកគេ បានបង្ហាញនូវទំនុកចិត្តរៀងៗខ្លួន តាំងពីការប្រមូលផ្ដុំ រហូតដល់ការប្រកួតមិត្តភាពនេះ ។ តែក្រៅពីការជំរុញទឹកចិត្តកីឡាការិនីកម្ពុជា ក៏មានចំណុចខ្វះខាតខ្លះ ដែលត្រូវកែតម្រូវ ដើម្បីត្រៀមការប្រកួតផ្លូវការចំពោះមុខផងដែរ។

គួរដឹងថា ក្រោយចំនួបមិត្តភាពអន្ដរជាតិខាងលើ ក្រុមជម្រើសជាតិនារីកម្ពុជា នឹងត្រូវធ្វើម្ចាស់ផ្ទះវគ្គជម្រុះជើងឯកបាល់ទាត់នារីទ្វីបអាស៊ី AFC Women's Asian Cup Australia 2026 ពូលG ដោយកម្ពុជា ត្រូវតតាំងជាមួយក្រុមបាល់ទាត់នារីហុងកុង ហ្វីលីពីន និងអារ៉ាប់ប៊ីសាអូឌីត ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។ ដូច្នេះសង្ឃឹមថា បងប្អូនអ្នកគាំទ្រ នឹងចូលរួមទស្សនាការប្រកួតជាផ្លូវការនេះឲ្យបានច្រើនកុះករ ដើម្បីជាកម្លាំងចិត្តដល់ក្រុមបាល់ទាត់នារីកម្ពុជា៕