divider

សហព័ន្ធកីឡាវាយសីកកម្ពុជា កោះប្រជុំក្បាលម៉ាស៊ីន ត្រៀមធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ដើមខែក្រោយនេះ

news details
BADMINTON
ពុធ ២៥ មិថុនា ២០២៥
facebook
facebook
២៥ មិថុនា ២០២៥
BADMINTON

បើគិតមកត្រឹមថ្ងៃនេះ កម្ពុជានៅសល់ពេល១១ថ្ងៃទៀត នឹងចាប់ផ្ដើមព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ អាយុក្រោម១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម ២៣ឆ្នាំ លើកទី២ ថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសី នៃ ពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។


ការប្រកួតនេះម្ចាស់ផ្ទះកម្ពុជាបានដាក់កីឡាករការិនី U23 ចំនួន១២នាក់, U17 មាន៩នាក់ និង U15 មានចំនួន៦នាក់ ដើម្បីប្រជែងមេដាយជាមួយនឹងប្រទេស ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត។

អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជាឯកឧត្តម កែវ រស់ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារងារដែលបានធ្វើកន្លងមក និងជជែកពិភាក្សាអំពីបញ្ហាប្រឈមមួយចំនួន ដែលត្រូវដោះស្រាយ ពិសេស គឺត្រួតពិនិត្យជាចុងក្រោយការត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ថា៖ ក្រុមការងារទាំងអស់បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញរៀបចំឱ្យមានការប្រកួត នៅក្នុងស្រុកឱ្យមានកាន់តែច្រើន ដើម្បីចម្រាញ់រកធនធានល្អៗ ចេញពីតាមបណ្តាក្លឹប។

អគ្គលេខាធិការរូបនេះ បន្ថែមថាៈ ក្រៅពីការត្រួតពិនិត្យមើលលើវឌ្ឍនភាពការងារនេះ យើងក៏បានត្រួតពិនិត្យមើលការរៀបចំក្រុមកីឡាករ កីឡាការិនីទាំង ៣ កម្រិត U15 U17 និងឈុត U23 របស់កម្ពុជា ថាតើពួកគាត់ដែលត្រូវបានជ្រើសរើសចូលរួមក្នុងក្រុមជម្រើសជាតិនេះ មានតម្លាភាពដែរឬទេ ដើម្បីឱ្យសមស្របនឹងគោលការណ៍យុត្តិធម៌ និងផ្តល់ឱកាសជូនដល់ពួកគាត់បានបញ្ចេញស្នាដៃ ក្នុងការប្រជែងមេដាយជូនជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម លី កុសលប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានណែនាំឱ្យក្រុម គ្រូបង្វឹក នៃ កីឡាករ កីឡាការិនីកម្ពុជាទាំង ៣ ឈុតត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្រួច គុណភាពពួកគេឱ្យមានសិទ្ធផលខ្ពស់ ដើម្បីដណ្តើមឱ្យបានមេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥នេះ។ ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍នេះទទួលបានអនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជា។