divider

មន្រ្តីនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ២៥រូបត្រូវបានបំពាក់បំប៉នជំនាញកីឡាហាប់គីដូ

news details
SPORT NEWS
សៅរ៍ ១០ ឧសភា ២០២៥
facebook
facebook
១០ ឧសភា ២០២៥
SPORT NEWS

ភ្នំពេញ៖ មន្រ្តីនគរបាលជាតិមកពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន២៥រូប ត្រូវបំពាក់បំប៉ន កីឡាហាប់គីដូ បន្ថែមនូវចំណេះជំនាញ ដើម្បីជាប្រយោជន៍ សម្រាប់បំពេញការងារបង្រ្កាបបទល្មើស និងចាប់ខ្លួនជនសង្ស័យ។


លោក ឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានថ្លែងក្នុងពិធីបើកវគ្គ កាលពីម្សិលមិញនេះថា៖ ការហ្វឹកហាត់ក្បាច់គុនកីឡាហាប់គីដូ បានផ្តល់សារៈប្រយោជន៍ដល់ សិក្ខាកាម នូវចំណេះជំនាញក្បាច់គុនការពារខ្លួន និងសុខភាពមាំមួនផងដែរ ហើយក៏ជាការចូលរួមលើកកម្ពស់សមត្ថភាពបន្ថែម ជូនមន្រ្តីកងម្លាំងនគរបាលជាតិក្នុងការបំពេញកិច្ចការបង្រ្កាបបទល្មើស និងចាប់ខ្លួនជនសង្ស័យឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងបានការពារខ្លួនអំពី ការប្រឆាំងតបតពីជនសង្ស័យប្រកបដោយសុវត្ថិភាពនិងត្រឹមត្រូវ។ 

នេះជាការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំក្រសួង អគ្គស្នងការដ្ឋានគរបាលជាតិ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពីសុខទុក្ខរបស់មន្រ្តីជំនាញពេលចុះបំពេញបេសកម្មដោយការពារបាននូវហានិភ័យផ្សេងៗពេលដែលអាចកើតឡើងជាយថាហេតុ។

ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ទោ ហេង សំណាង បានក្រើនរំលឹកដល់សិក្ខាកាម សូមយកចិត្តទុកដាក់ និង គោរពឱ្យបាននូវវិន័យ និង សេចក្តីថ្លៃថ្នូរក្នុងពេលហ្វឹកហាត់ ធ្វើយ៉ាងណាឱ្យទទួលបានចំណេះជំនាញដើម្បីយកទៅអនុវត្តប្រកដដោយប្រសិទ្ធិភាពទុកជាទន់ដើម្បីការពារខ្លួន និងសុវត្ថិភាពផ្ទាល់ខ្លួនពេលចុះអនុវត្តការងារជូនអង្គភាព។

លោក គួច ហុងជៀក ប្រធានស្ដីទី សហព័ន្ធខ្មែរកីឡា ហាប់គីដូ ក៍បានថ្លែងដែរថា៖ ចំណេះជំនាញនៅក្នុងនាយកដ្ឋាន ក្នុងការចុះបំពេញការងារគឺមានហើយ ប៉ុន្តែយើងខ្វះនូវ វិជ្ជាគុនការពារខ្លួនឯង យើងប្រៀបបានធ្លាក់ចូលអន្លង់មួយដែលយើងមិនអាចលោតចេញមកក្រៅបាន។


ចឹងនៅពេលដែលយើងចុះបង្រ្កាបមុខសញ្ញាផ្សេងៗមិនប្រាកដថា មុខសញ្ញាជនសង្ស័យនោះប្រគល់ខ្លួន និងសហការជាមួយយើងដើម្បីចាប់ខ្លួននោះទេ។ ដូច្នោះហើយ កីឡាក្បាច់គុនហាប់គីដូនេះ វាបានបង្កលក្ខណៈងាយស្រួយក្នុងការចាប់ក្លេ ក្រៀក ជនសង្ស័យបានយ៉ាងងាយ ហើយសូមសួរគ្រូឱ្យច្បាស់ ជៀសវាងពេលចប់វគ្គហើយ ចំណេះជំនាញដែលបានពីការហ្វឹកហាត់ យកទៅប្រើប្រាស់មិនកើត។

សួមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលហ្វឹកហាត់កីឡាហាប់គីដូ ដែលរៀបចំដោយ សហព័ន្ធខ្មែរកីឡាហាប់គីដូនេះ មានសិក្ខាកាម ២៥រូប បញ្ជូនមកពី នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលនិងត្រូវហ្វឹកហាត់ជាមួយគ្រូជំនាញរបស់ សហព័ន្ធ ចំនួន ២០ម៉ោង ប្រមាណជា ៤សប្តាហ៍រៀងរាល់ថ្ងៃសៅរិ៍ និងអាទិត្យចាប់ពីម៉ោង៩ ដល់១១.កន្លះ៕