(ភ្នំពេញ)៖ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានសម្រេចផ្ដល់សិទ្ធិឱ្យប្រទេសបារ៉ែន ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games-AYG) លើកទី៣ ឆ្នាំ២០២៥ ជំនួសប្រទេសអ៊ូសបេគីស្ថាន ដែលបោះបង់សិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ OCA កាលពីពេលថ្មីៗនេះ។
ប្រភពខាងលើ បានគូសបញ្ជាក់ថា ក្រោយទទួលបានសំណើពីគណៈកម្មាធិការជាតិអូឡាំពិកអ៊ូសបេគីស្ថាន ជុំវិញការបោះបង់សិទ្ធិធ្វើម្ចាស់ផ្ទះ និងស្វែងរកប្រទេសជំនួសនេះ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី OCA បានបើកកិច្ចប្រជុំ និងសម្រេចផ្ដល់សិទ្ធិដល់ប្រទេសបារ៉ែន ដើម្បីទទួលរៀបចំធ្វើម្ចាស់ផ្ទះជំនួស សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានការជូនដំណឹងត្រឹមរយៈពេលខ្លី កាលពីចន្លោះខែតុលា និងខែវិច្ឆិកា កន្លងទៅ។
ទន្ទឹមជាមួយការផ្លាស់ប្ដូរទីតាំងរៀបចំព្រឹត្តិការណ៍ AYG 2025 ពីទីក្រុង Tashkent ទៅកាន់តំបន់អាស៊ីខាងលិចនេះដែរ ដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានការគាំទ្រ ចំពោះការសម្រេចរបស់ OCA និងអបអរសាទរការទទួលធ្វើម្ចាស់ផ្ទះរបស់ ប្រទេសប៉ារ៉ែន ខណៈកម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមការប្រកួត ជាពិសេសគឺការត្រៀមទទួលទង់ផ្ទេរសិទិធ្វើម្ចាស់ផ្ទះមកកាន់រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ តែម្ដង។
យ៉ាងណាមិញ ក្រោយការផ្លាស់ប្ដូរទីតាំងប្រកួតខាងលើ OCA មិនទាន់កំណត់កម្មវិធីប្រកួត និងប្រភេទកីឡា ក៏ដូចជាកាលបរិច្ឆេទ នៃការប្រកួតសម្រាប់ព្រឹត្តិការណ៍ Asian Youth Games 2025 នៅឡើយទេ ដោយព័ត៌មានលម្អិតពាក់ព័ន្ធនឹងការប្រកួត ម្ចាស់ផ្ទះបារ៉ែន នឹងធ្វើការជូនដំណឹងនាពេលឆាប់ៗ ខាងមុខ ៕