divider

អ្នកជិះកង់ប្រមាណជា៣០០នាក់ នឹងចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ

news details
CYCLING
ចន្ទ ១៣ ឧសភា ២០២៤
facebook
facebook
១៣ ឧសភា ២០២៤
CYCLING

ភ្នំពេញ៖ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានថ្លែងលើកឡើងថា ព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែ មិថុនា ឆ្នាំ២០២៤ ដោយសហព័ន្ធទទួលពាក្យអ្នកចូលរួមជិះមកពីគ្រប់ខេត្តក្រុងប្រមាណជា៣០០នាក់ប៉ុណ្ណោះ។


លោក អគ្គលេខាធិការ បានអះអាងថា អ្នកចូលរួមជិះកង់ក្នុង១នាក់តម្រូវឱ្យបង់ថវិការចំនួន២៥ដល្លារ ហើយ សហព័ន្ធនិងផ្តល់ជូនជាអាវយឺតនិងមេដាយជាវត្ថុអនុស្សាវរីយ៌ជាការលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ផងដែរ។

សម្រាប់ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌នេះ ថវិកាដែលប្រមូលបានពីការរៃអង្គាសបានពីអ្នកចូលរួមជិះកង់ទាំងអស់មួយចំណែកយកមកទ្រទ្រង់សម្រាប់ការរៀបចំ និងមួយផ្នែកទៀត យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាត។ ការរៀបចំព្រឹត្តិការណ៍ជិះកង់នេះដែរ ក្រៅពីការរៃអង្គាសថវិកា វាក៏ជាផ្នែកមួយបំផុសស្មារតីចលនាកីឡាជិះកង់នៅកម្ពុជា និងចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយឆ្នាំទស្សនាអង្គរក៏ដូចជាការរួមចំណែកផ្សព្វផ្សាយសក្កានុពលទេសចរណ៍ខេត្តសៀមរាបទៅកាន់ឆាកជាតិនិងអន្តរជាតិ។


លោក អគ្គលេខាធិការ នូ ចំរើន បានគូសបញ្ជាក់ទៀតថា សម្រាប់អ្នកចូលរួមជិះកង់ក្នុងព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌រៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ នឹងចេញដំណើរនៅវេលាម៉ោង៤ព្រឹកថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលជ្រោយចង្វា តាមផ្លូវជាតិលេខ៦A និងទៅដល់ខេត្តសៀមរាប ។ អ្នកជិះកង់ទាំងអស់មានការនាំមុខដោយក្បួនឡានសារ៉ែនបើកផ្លូវរបស់កងរាជអាវុធហត្ថ និងឈប់សម្រាកចំនួន១០ដំណាក់កាល ក្នុងនោះមានការផ្តល់ជាទឹក អាហារសម្រន់ជូនអ្នកជិះកង់ផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៌រៃអង្គាសថវិកាជួយដល់ មន្ទីរពេទ្យកុមារអង្គរនេះ គឺជាការរៀបចំលើកដំបូងសម្រាប់សហព័ន្ធកីឡាទោចក្រយាន ហើយ សហព័ន្ធក៏គ្រោងបង្កើតព្រឹត្តិការណ៍ជិះកង់រៃអង្គាសថវិកាសប្បុរសធម៌មួយទៀតនៅអំឡុងខែ ធ្នូ ឆ្នាំ២០២៤ ដោយយកទៅជួយដល់មន្ទីរពេទ្យគុន្ធបុប្ផាវិញម្តង៕