divider

កម្ពុជាទទួលបានការសរសើរពីបណ្ដាប្រទេសចូលរួមប្រកួតវាយកូនបាល់អន្ដរជាតិ Tep Khunnah Memorial Cup 2024

news details
TENNIS
SATURDAY 07 DECEMBER 2024
facebook
facebook
DEC 07, 2024
TENNIS

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ Tep Khunnah Memorial Cup សម្រាប់យុវជនអាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១៦ឆ្នាំ ឆ្នាំ២០២៤ ដែលជាការប្រកួតលក្ខណៈអន្ដរជាតិ គាំទ្រដោយសហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានបញ្ចប់ដោយជោគជ័យលើការប្រកួតយុវជនអាយុក្រោម ១៤ឆ្នាំ នៅថ្ងៃទី០៦ ខែធ្នូនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយទទួលបានការសាទរ និងកោតសរសើរពីបណ្តាប្រទេសចូលរួម ចំពោះការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅរបស់ម្ចាស់ផ្ទះកម្ពុជា ។

លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធវាយកូនបាល់កម្ពុជា បានឲ្យដឹងថា សម្រាប់ស្មារតីរបស់សហព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាវាយកូនបាល់លក្ខណៈអន្ដរជាតិនេះ គឺដើម្បីផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា និងអត្តពលិកវ័យក្មេងមកពីបណ្ដាប្រទេសនានា ទាំងក្នុងតំបន់អាស៊ាន និងអាស៊ីមួយចំនួន បានចូលរួមប្រកួត និងបង្ហាញសមត្ថភាព ក្នុងន័យដើម្បីពង្រឹង និងអភិវឌ្ឍន៍គុណភាពជំនាញរបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់វិវឌ្ឍន៍ខ្លួនក្លាយជាអត្តពលិកឆ្នើមនាថ្ងៃអនាគត ។

ជាក់ស្ដែងការប្រកួតពានរង្វាន់ Tep Khunnah Memorial Cup កម្រិតអាយុក្រោម ១៤ឆ្នាំ ដែលបានដំណើរការប្រកួតពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ ដែលមានការចូលរួមពីអត្តពលិកវ័យក្មេងមកពីជប៉ុន ចិន ហុងកុង ឥណ្ឌា វៀតណាម និងម្ចាស់ផ្ទះកម្ពុជាជាដើម គឺបានប្រព្រឹត្តទៅដោយជោគជ័យ ស្របពេលប្រតិភូបណ្ដាប្រទេសចូលរួមទាំងអស់ សុទ្ធតែបង្ហាញនូវក្ដីរីករាយ និងកោតសរសើរម្ចាស់ផ្ទះកម្ពុជា ដែលបានរៀបចំការប្រកួតបានយ៉ាងល្អលក្ខណៈអាជីពកម្រិតអន្ដរជាតិ ។

លោក ទេព រិទ្ធីវិទ្ធ បានសង្កត់ធ្ងន់ថា «ទោះបីជាការប្រកួតនេះ ត្រឹមកម្រិតយុវជនអាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១៦ឆ្នាំក៏ពិតមែន ក៏ស្មារតីរបស់យើ ងក្នុងនាមជាម្ចាស់ផ្ទះ គឺតែងតែផ្តល់ឲ្យអស់ពីលទ្ធភាព និងផ្តល់សេវាល្អសម្រាប់ប្រតិភូកីឡា ដែលនេះគឺជាមុខមាត់របស់ប្រទេសជាតិយើងទាំងមូល។ អ្វីដែលពិសេស មិនត្រឹមតែប្រភេទកីឡាវាយកូនបាល់បង្ហាញជូនទៅអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាការការបង្ហាញក្នុងស្មារតីជាប្រជាពលរដ្ឋខ្មែរ ដែលចេះទទួលស្វាគមន៍ភ្ញៀវប្រកបដោយភាពរីករាយ និងកក់ក្តៅផងដែរ» ។


គួរដឹងថា ការប្រកួតកីឡាវាយកូនបាល់ Tep Khunnah Memorial Cup រៀបចំឡើង ដើម្បីជាការរម្លឹកនូវការចងចាំនូវគុណូការៈរបស់លោក ទេព ឃុនណា អតីតកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជា កាលពីទសវត្សឆ្នាំ១៩៦០ ដែលជាឪពុករបស់លោក ទេព រិទ្ធិវិទ្ធ ។ អ្វីដែលពិសេស សម្រាប់ការប្រកួតឆ្នាំនេះដែរ សហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានឯកភាពតាមសំណើររបស់កម្ពុជា ក្នុងការដាក់ឈ្មោះការប្រកួតនេះ ជាព្រឹត្តិការណ៍លក្ខណៈអន្តរជាតិ ជាលើកដំបូង បន្ទាប់ពីការប្រកួត ២៨លើកកន្លងមក រៀបចំឡើងក្នុងកម្រិតក្នុងស្រុកប៉ុណ្ណោះ ៕