គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា National Olympic Committee of Cambodia (NOCC) មានប្រភពដើមចេញពីឈ្មោះគណៈកម្មាធិការអូឡាំពិកខ្មែរ Comité National Olympique Khmer (CNOK) ដែលទទួលស្គាល់ដោយគណ:កម្មាធិការអូឡាំពិកអន្តរជាតិ ( IOC ) ឆ្នាំ ១៩៦១ ដែលដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ Paul Littaye Suon ជាប្រធាន និងលោក Khou You Heng ជាអគ្គលេខាធិការ។
កម្ពុជាបានបញ្ជូនអត្តពលិកកម្ពុជាចូលរួមការប្រកួតកីឡាអូឡាំពិកលើកដំបូង ក្នុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលីនៅក្នុងឆ្នាំ១៩៥៦ លើប្រភេទកីឡាបង្ហាត់ជិះសេះ។ កម្ពុជាបានអត្តពលិកចូលរួមច្រើនជាងគេក្នុងប្រវត្តិសាស្រ្តកីឡាអូឡាំពិក នៅក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ១៩៦៤ ដែលមានអត្តពលិក សរុប ១៣រូប រួមមាន៖ ប្រដាល់សកល ៤រូប, ទោចក្រយាន ៧រូប, ទូកក្តោង ២រូប។
ក្រោយបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេស គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានបងើ្កតឡើងវិញ ដោយទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ កាលពីខែមិថុនា ឆ្នាំ១៩៩៤ ក្នុងលំដាប់ទី ១៩៦ និងបានបញ្ជូនអត្តពលិកចូលរួមការប្រកួតកីឡាអូឡាំពិកឡើងវិញ នៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ឆ្នាំ១៩៩៦។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាប្រទេសស្ថាបនិកមួយនៃផ្តួចផ្តើមបង្កើតការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ Southeast Asian Peninsular (SEAP) Games ក្នុងចំណោមប្រទេសស្ថាបនិកទាំង ៦ បានចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៥៩ នៅទីក្រុង Bangkok ប្រទេសថៃ ហើយបានប្តូរឈ្មោះមកជាការប្រកួតកីឡាអាស៊ីអាគ្នេយ៍ Southeast Asian (SEA) Games វិញនៅ ឆ្នាំ១៩៧៧។ ប្រទេសស្ថាបនិកទាំង ៦ រួមមាន៖ កម្ពុជា វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី និងថៃ។