ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ទៅមន្រ្តីបច្ចេកទេសក្រោមឱវាទ ឱ្យខំប្រឹងដុសខាត់សមត្ថភាពកីឡាករ កីឡាការិនីឈានទៅកម្រិតខ្ពស់ ដើម្បីមានលទ្ធភាពកាន់តែច្រើនដណ្តើមយកមេដាយជូនជាតិ ទាំងក្នុងការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ និងការឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
ឯកឧត្តមថោង ខុន បានរំឭកពីសមិទ្ធផលជោគជ័យជាប្រវត្តិសាស្រ្ត ដែលក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា បង្កើតបាននៅស៊ីហ្គេម គឺដណ្តើមបានមេដាយប្រាក់៣ និងសំរឹទ្ធ១ ពីស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម និងការឈ្នះមេដាយប្រាក់១ និងសំរឹទ្ធ៣ ពីស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយពួកគេ ក៏ឈ្នះបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាបន្តបន្ទាប់ពីការប្រកួតកីឡាកាយសម្ព័ន្ធកម្រិតអាស៊ាន និងអាស៊ី ផងដែរ។
ជាមួយការកសាងបាននូវភាពល្បីល្បាញនេះ ឯកឧត្តម បណ្ឌិង ថោង ខុន បានលើកទឹកចិត្ត និងជំរុញឱ្យក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ខំប្រឹងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីអាចឈានទៅដណ្តើមបានមេដាយនៅស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ជាថ្មីម្តងទៀត ក៏ដូចជាការឆ្ពោះទៅដណ្តើមបានលទ្ធផលល្អ ក្នុងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ផងដែរ។
ឯកឧត្តមមានប្រសាសន៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ខិតខំដកស្រង់បទពិសោធន៍ និងបច្ចេកទេសពីរាល់ការប្រកួតអន្តរជាតិ និងការបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទាំងនេះ មកបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីយើងឱ្យមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះ»។
ចំណែក ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានអះអាងថា សហព័ន្ធ មានផែនការលម្អិត ដើម្បីឈានទៅទទួលបានជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៥ និងត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដើម្បីឱ្យស្របតាមអនុសាសន៍របស់ ឯកឧត្តម បណ្ឌិត ថោង ខុន ហើយសហព័ន្ធ ក៏បានពិនិត្យមើលពីកីឡាករ កីឡាការិនី ដែលត្រូវត្រៀមសម្រាប់ព្រឹត្តិការណ៍ទាំង២នេះរួចរាល់ផងដែរ។
ឯកឧត្តម ក៏បានបញ្ជាក់ថា៖ «យើងបានមើលឃើញចំណុចទាំងអស់នេះរួចហើយ ប៉ុន្តែយើងនៅរង់ចាំការប្រមូលផ្តុំ ឆ្នាំ២០២៥ ថាតើស្ថាប័នក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់កូតាការប្រមូលកីឡាករ កីឡាការិនីសម្រាប់កីឡាកាយសម្ព័ន្ធរបស់យើង បានប៉ុន្មាននាក់ ទាំងការត្រៀមស៊ីហ្គេម និងត្រៀមកីឡាយុវជនអាស៊ី ឆ្នាំ២០២៩»។
ចំពោះការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ឯកឧត្តម ណយ ផាណា បានអះអាងថា សហព័ន្ធ បានរៀបចំផែនការជាមួយគ្រូបង្វឹក គ្រូជំនួយ និងមន្រ្តីជំនាញរួចអស់ហើយ ដើម្បីឱ្យកីឡាករ កីឡាការិនីទទួលបានលទ្ធផលមេដាយណាមួយ។
ឯកឧត្តម សង្កត់ធ្ងន់ថា៖ «ក្នុងនាមខ្ញុំជាអ្នកទទួលការងារបច្ចេកទេស គឺស៊ីហ្គេម ឆ្នាំ២០២៥នេះ យើងត្រូវខិតខំធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលមេដាយណាមួយ នៅក្នុងចំណោមមេដាយទាំង៣កម្រិតជូនជាតិមាតុភូមិយើង»៕