រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល រង់ចាំផ្តល់កម្លាំងចិត្ត និងបង្ហាញក្ដីរំពឹងយ៉ាងមុតមាំចំពោះអត្តពលិកជាតិ ដែលត្រូវចេញទៅចូលរួមប្រកួតកីឡាអាស៊ី លើកទី២០ (Asian Games 2026) Aichi–Nagoya ប្រទេសជប៉ុន។
ការលើកទឹកចិត្ត និងការបង្ហាញជំនឿចិត្តនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ និងអត្តពលិកជាតិសរុប ១០៦នាក់ នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ ឯកឧត្ដមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួចមក ឯកឧត្ដម នេត សាវឿន បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹង ជាពិសេសចំពោះផែនការបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងបទពិសោធប្រកួត។ ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ឱ្យខិតខំហ្វឹកហាត់បន្ថែមដោយខ្លួនឯងឱ្យបានច្រើន ក្រៅពីការហ្វឹកហាត់ជាមួយគ្រូបង្វឹក និងមិត្តរួមក្រុម ដោយឯកឧត្ដមជឿជាក់យ៉ាងមុតមាំថា អត្តពលិកកម្ពុជា នឹងអាចដណ្ដើមបានជោគជ័យត្រឡប់មកជូនជាតិមាតុភូមិវិញ។

ទន្ទឹមនឹងនេះ ឯកឧត្ដម នេត សាវឿន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំ និងបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីនាពេលកន្លងមក។
បើតាមការបញ្ជាក់របស់ ឯកឧត្ដមបណ្ឌិត ថោង ខុន ប្រតិភូកីឡាកម្ពុជាសរុបចំនួន ១០៦រូប លើ ១៤ប្រភេទកីឡា នឹងត្រូវចូលរួមប្រកួតកីឡាអាស៊ី លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន។ ក្នុងនោះ កម្ពុជាមាន ៦ប្រភេទកីឡាដែលមានសក្តានុពលខ្ពស់ ក្នុងការស្វែងរកមេដាយ រួមមាន៖ ជឺជីតស៊ូ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ការ៉ាតេដូ, យុទ្ធគុនចម្រុះ និង E-Sports។

ដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការហ្វឹកហាត់ប្រមូលផ្តុំរយៈពេល ៧ខែ (ចាប់ពីខែមេសា ដល់ចុងខែតុលា ឆ្នាំ២០២៦) ដោយមានការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង។ លើសពីនេះ ក៏មានកីឡាករ-កីឡាការិនីកូនកាត់ខ្មែរចំនួន ៩រូប កំពុងហ្វឹកហាត់យ៉ាងសកម្មនៅក្រៅប្រទេស ដូចជា បារាំង និងសហរដ្ឋអាមេរិក លើប្រភេទកីឡាតេក្វាន់ដូ, ទ្រីយ៉ាត្លុង, ហែលទឹក, ជឺជីតស៊ូ និងយូដូ ផងដែរ៕