គិតមកទល់ពេលនេះមានអ្នកចុះឈ្មោះប្រមាណ១២០០០នាក់ហើយដើម្បីចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៣១ នៅអង្គរវត្ត ខណៈឆ្នាំ២០២៥ កន្លងទៅមានអ្នកចូលរួមសរុបជាង១៧០០០នាក់។

សម្រាប់ចម្ងាយផ្លូវរត់មាន២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ អ្នកចុះឈ្មោះវិញ្ញាសា១០គីឡូម៉ែត្រមានចំនួនច្រើនជាងគេ គឺជិត៦០០០នាក់ហើយ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការរៀបចំទិវារត់ប្រណាំងដ៏ធំនេះនៅតែរក្សាគោលបំណងដដែលគឺផ្សព្វផ្សាយពីទេសចរណ៍នៅតំបន់អង្គរ ជួយដល់សប្បុរសធម៌ដូចជា ជនរងគ្រោះដោយសារគ្រាប់មីន មន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យគន្ធបុប្ផា កាកបាទក្រហម និងអង្គការផ្សេងៗមួយចំនួនទៀត។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ដដែលនឹងផ្សព្វផ្សាយពីការការពារបរិស្ថាននៅតំបន់អង្គរ។

គោលបំណងដ៏សំខាន់មួយទៀត គឺបំផុសសកម្មភាពកីឡាដើម្បីសុខភាពសាធារណៈ។ ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ប្រសិនជាប្រជាជនរាប់លាននាក់ខិតខំថែរក្សាសុខភាព នោះប្រៀបដូចជួយដល់សេដ្ឋកិច្ចសង្គម ជាពិសេសលើកទឹកចិត្តឱ្យប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត។

ដើម្បីញុំាងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងកាន់តែផុសផុល លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន Manulife Cambodia បង្ហើបថា ក្រុមហ៊ុនរបស់លោកក៏បានអញ្ជើញដៃគូមកពីប្រទេសជាច្រើនដូចជា សិង្ហបុរី ជប៉ុន ក្រុងឌូបៃ ក្រុងតូរុនតូនៃប្រទេសកាណាដា ហូឡង់ និងបណ្ដាប្រទេសមួយចំនួនទៀតនៅអឺរ៉ុប។ លោកអគ្គនាយកចាត់ទុកថា ទិវានេះពិតជាទទួលបានជោគជ័យពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសកាលឆ្នាំ២០២៥កន្លងទៅ បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មី ដែលទាក់ទាញអ្នករត់ជាតិ និងអន្តរជាតិដល់ទៅ១៧០០០នាក់មកពី៨៦ប្រទេសជុំវិញពិភពលោក។

ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិម៉ារ៉ាតុងនៅកម្ពុជា បានឱ្យដឹងថា ដោយសារតែវិញ្ញាសា១០គីឡូមានអ្នកចុះឈ្មោះចូលរួមច្រើនជាងគេ ហេតុដូចនេះតម្រាយផ្លូវវិញ្ញាសានេះមានការផ្លាស់ប្ដូរខ្លះៗ។
លោកក៏បានអំពាវនាវមហាជនចុះឈ្មោះចូលរួមឱ្យបានកាន់តែច្រើនដើម្បីរួមគ្នាបង្កើតអនុស្សាវរីយ៍ដ៏មានន័យ ដើរតួជាអ្នកផ្សព្វផ្សាយទេសចរណ៍ជាតិ និងរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ទាំងអស់គ្នា៕
