គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសជាផ្លូវការនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ នេះថា ព្រឹត្តិការណ៍ «កីឡាកុមារអូឡាំពិក លើកទី២» (2nd Baby Olympics) នឹងត្រូវរៀបចំឡើងយ៉ាងអធិកអធម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៧ ខាងមុខ នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ឆ្លើយតបទៅនឹងសំណូមពររបស់អាណាព្យាបាល ព្រឹត្តិការណ៍កីឡាដ៏ពិសេសនេះបានដំឡើងកម្រិតអាយុកុមាររហូតដល់ ១០ឆ្នាំ ព្រមទាំងបង្កើនប្រភេទកីឡាប្រកួតកាន់តែច្រើនជាងមុន។ ជាក់ស្ដែង ការប្រកួតនឹងបើកទទួលកុមារតូចៗចាប់ពីអាយុ ១ ឆ្នាំ ដល់ ១០ ឆ្នាំ ដើម្បីចូលរួមប្រកួតកម្សាន្ត និងបណ្តុះស្មារតីស្រឡាញ់កីឡាលើ ១០ ប្រភេទកីឡា រួមមាន៖ កីឡាវារ, រត់ប្រណាំង, បាល់ទាត់, ប្រណាំងកង់ដោល, វាយសី, តេក្វាន់ដូ, បាល់បោះ, វាយកូនហ្គោល, ផិកដេលប៊ល (Pickleball) និងកីឡាហែលទឹក។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទយ៉ាងមានអត្ថន័យគឺ "Born TO WIN" ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពកុមារតាំងពីវ័យក្មេង ទាំងផ្នែករាងកាយ ស្មារតី និងផ្លូវចិត្ត ដើម្បីបន្សាំពួកគេទៅនឹងការលេងកីឡា ព្រមទាំងបង្កើតធនធានដ៏ល្អសម្រាប់ប្រទេសជាតិនានាពេលអនាគត។

ឯកឧត្ដមអគ្គលេខាធិការ បានសង្កត់ធ្ងន់បន្ថែមថា ព្រឹត្តិការណ៍នេះមានគោលបំណងចម្បងក្នុងការ បណ្តុះបណ្តាលកុមារ ឱ្យចេះធ្វើការសម្រេចចិត្តដោយខ្លួនឯងតាំងពីវ័យក្មេង និងមានស្មារតីរឹងមាំក្នុងការប្រឈមមុខនឹងជីវិតរស់នៅប្រចាំថ្ងៃ។ បណ្តុះអត្តចរិត និងវិន័យ ជួយឱ្យកុមាររៀនសូត្រពីការគោរពច្បាប់កីឡា យល់ដឹងពីរបៀបលេងឱ្យបានត្រឹមត្រូវ និងខិតខំប្រឹងប្រែងដើម្បីសម្រេចបានជោគជ័យ។ ពង្រឹងទំនាក់ទំនងគ្រួសារ ជួយឱ្យអាណាព្យាបាលមើលឃើញពីចំណុចខ្លាំង និងចំណុចខ្វះខាតរបស់កូនៗ ដើម្បីងាយស្រួលក្នុងការតម្រង់ទិស បណ្ដុះស្មារតីស្រឡាញ់កីឡា ធ្វើសកម្មភាពរាងកាយ និងពង្រឹងសតិបញ្ញា។

បន្ថែមពីនេះ ការនាំកូនៗមកចូលរួមសកម្មភាពកីឡា មានផលល្អប្រសើរជាងការបណ្តោយឱ្យពួកគេចំណាយពេលលេងទូរសព្ទដៃ។ កីឡាក៏ប្រៀបដូចជាឱសថជួយព្យាបាល និងកាត់បន្ថយជំងឺភ័យខ្លាច ព្រមទាំងជួយឱ្យកុមារបាត់បង់ភាពអៀនខ្មាសក្នុងការចូលរួមក្នុងសង្គមផងដែរ។

គួរបញ្ជាក់ផងដែរថា ចំនួនបេក្ខភាពកុមារចូលរួមត្រូវបានកំណត់ត្រឹមតែ ៥៥៥ នាក់ ប៉ុណ្ណោះ។ ហេតុដូចនេះ គណៈកម្មការរៀបចំការប្រកួតបានសូមអំពាវនាវដល់អាណាព្យាបាលទាំងអស់ ប្រញាប់ប្រញាល់ចុះឈ្មោះឱ្យកូនៗរបស់ខ្លួនឱ្យបានរួសរាន់៕
