សិស្សានុសិស្សវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ ប្រមាណ២០០នាក់បានចូលរួមកម្មវិធីអប់រំ និងផ្សាព្វផ្សាយគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា នេះ។

លោក សោម សុទ្ធរិទ្ធិពង្ស គ្រូឧទ្ទេសប្រចាំកម្មវិធីថ្លែងថា គោលបំណងសំខាន់នៃការផ្សព្វផ្សាយនេះដើម្បីបញ្ជ្រាបដល់សិស្សានុសិស្សឱ្យបានដឹងពីគុណតម្លៃអូឡាំពិកដែលមានតាំងពីសម័យក្រិកបុរាណជាង២៧០០ឆ្នាំមុន ហើយដែលត្រូវបានយកមកបំផុសជាថ្មីទៀតនាសម័យបច្ចុប្បន្ន ដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក សោម សុទ្ធរិទ្ធិពង្ស លម្អិតបែបនេះ “៖ យើងឱ្យពួកគាត់បានយល់ពីគុណតម្លៃទាំងអស់ដែលមានឧត្ដមភាព ការគោរព និង មិត្តភាព ដែលមិនត្រឹមតែប្រើប្រាស់ក្នុងកីឡាទេ តែក៏ជាគុណតម្លៃមួយដែលអាចឱ្យសិស្សានុសិស្សប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ហើយប្រជាជនទូទៅអាចប្រើប្រាស់បានដូចគ្នា។ ជាមួយគ្នានេះ អត្ថន័យនៃការប្រកួតកីឡាអូឡាំពិកក៏ត្រូវបានបញ្ជ្រាប មានទាំងអូឡាំពិករដូវក្ដៅ រដូវរងា និងអូឡាំពិកយុវជនដែលកម្ពុជាបានចូលរួមថ្មីៗនេះ។ ចំណុចសំខាន់មួយទៀត គឺការផ្សព្វផ្សាយការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលគ្រោងមាន៤៥ប្រទេសចូលរួម។”

លោក ថ្លាង សេងងាន់ នាយករងវិទ្យាល័យ ជាស៊ីម ជ្រោយចង្វា ពិតជាសប្បាយចិត្តដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំកម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិកនៅវិទ្យាល័យរបស់លោកដែលជាការជំរុញសិស្សានុសិស្សឱ្យកាន់តែយល់ដឹង និង សកម្មក្នុងកីឡា ចៀសឆ្ងាយពីទង្វើអបាយមុខផ្សេងៗដូចជា គ្រឿងញៀន ជាដើម។

លោកនាយរងបានឱ្យដឹងដែរថា វិទ្យាល័យរបស់លោកក៏មានភាពផុសផុលខ្លាំងក្នុងសកម្មភាពកីឡាចាប់តាំងពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ និងបានចូលរួមការប្រកួតកម្រិតមធ្យមសិក្សាជាហូរហែ ដើម្បីឱ្យសិស្សានុសិស្សបានចូលរួមយ៉ាងសកម្ម។

សូមជម្រាបជូនថា ក្រៅពីវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ កម្មវិធីអប់រំ និងផ្សព្វផ្សាយគុណតម្លៃអូឡាំពិក ឆ្នាំ២០២៦ នឹងបន្តយុទ្ធនាការរបស់ខ្លួនទៅកាន់វិទ្យាល័យចំនួន៣ទៀតនៅរាជធានីភ្នំពេញ គឺ វិទ្យាល័យ ជាស៊ីម សាមគ្គី វិទ្យាល័យ ព្រះស៊ីសុវត្ថិ និង វិទ្យាល័យ សម្ដេច ហ៊ុនសែន ប៊ុនរ៉ានី ច្បារអំពៅ។
គួរបញ្ជាក់ថា វិទ្យាល័យទាំង៤នឹងទទួលបានការឧបត្ថម្ភជា បាល់ទះ បាល់ទាត់ និងបាល់បោះ ចំនួន២០ ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ផងដែរ៕