ក្នុងឱកាសចូលរួមពិធីបទកីឡាការ៉ាតេប្រចាំព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឯកឧត្ដម អ៊ឹម សិទ្ធីរ៉ា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានផ្ដល់អនុសាសន៍តម្រង់ទិសសំខាន់ៗចំនួន៤ដល់សហព័ន្ធរបស់ខ្លួន ដូចខាងក្រោម ៖

១. សូម ក្លឹបការ៉តជាសមាជិកតាមរាជធានី-ខេត្ត និងក្រសួងស្ថាប័ននានា ត្រូវបន្តខិតខំអភិវឌ្ឍកីឡាការ៉ាត ទាំងបរិមាណសិស្សគុនការ៉ាតេ និងគុណភាពបច្ចេកទេស ដើម្បីត្រៀមចូលរួមប្រកួតកីឡាការ៉ាតេក្នុងព្រឹត្តិការណ៍ កីឡាផ្សេងៗនាពេលខាងមុខ ជាពិសេសកីឡាយុវជនអាស៊ីឆ្នាំ២០៣១ ឱ្យទទួលបានជោគជ័យ។

២. សូមបន្តពង្រឹងយន្តការគ្រប់គ្រង ដឹកនាំក្លឹបផ្អែកលើគោលការណ៍អភិបាលកិច្ចល្អ អភិវឌ្ឍធនធានមនុស្ស សំបូរបែប និងដណ្ដើមឧត្ដមភាពបច្ចេកទេសដល់ក្លឹបរបស់ប្អូន។

៣. ត្រូវរៀបចំការអភិវឌ្ឍកីឡាករ កីឡាការិនីការ៉ាតេន័យក្មេង ដោយត្រូវមានរៀបចំផែនការយុទ្ធសាស្ត្រច្បាស់លាស់ ហើយប្រមូលកីឡាករ កីឡាការិនីវ័យក្មេងមានទេពកោសល្យល្អ មកគ្រប់គ្រងអភិវឌ្ឍជំនាញវិជ្ជាជីវៈការ៉ាតឱ្យមាន គុណផលកីឡាការ៉ាតេកាន់តែខ្ពស់ និងអាចឈានទៅចូលរួមក្នុងក្រុមជម្រើសជាតិឱ្យបានច្រើន។

៤. សូមក្លឹបទាំងអស់ កីឡាករ កីឡាការិនីទាំងត្រៀមចូលរួមគ្រប់កម្មវិធីប្រកួតកីឡាការ៉ាតេ រៀបចំដោយ សហព័ន្ធកីឡាការ៉ាតេកម្ពុជា ជាពិសេសឆ្នាំក្រោយ២០២៧ សហព័ន្ធបាននឹងកំពុងត្រៀមរៀបចំការប្រកួតកីឡាការ៉ាត ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា" ដើម្បីបង្កើនបទពិសោធ និងស្វែងរកធនធានកីឡាថ្មីៗផងដែរ។

សូមជម្រាបជូនថា ការប្រកួតកីឡាការ៉ាតេប្រចាំព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦ មាន៦ក្រសួង និងខេត្តចូលរួម មានកីឡាករ កីឡាការិនី ប្រតិភូ គ្រូបង្វឹក សរុប១៣០នាក់។ ជាលទ្ធផលក្រុមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅចំណាត់ថ្នាក់លេខ១ ខណៈខេត្តព្រះសីហនុ ឈរនៅលេខ២ និងក្រសួងការពារជាតិ ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងតារាងមេដាយសរុប៕