កម្មវិធីអប់រំគុណតម្លៃអូឡាំពិកប្រចាំឆ្នាំ ២០២៦ បានបន្តទៅដល់វិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកាដោយមានការចូលរួមពីសិស្សានុសិស្សប្រមាណ២០០នាក់។

ក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ លោក សោម សុទ្ធរិទ្ធិពង្ស ដែលជាវាគ្មិនបានមើលឃើញពីភាពផុសផុលនៃការចូលរួមរបស់សិស្សានុសិស្សក្នុងការស្វែងយល់ពីគុណតម្លៃអូឡាំពិក និងអត្ថន័យនៃការប្រកួតកីឡាអូឡាំពិក ក៏ដូចជាកីឡាអាស៊ី និងកីឡាអាស៊ីអាគ្នេយ៍។

លោកវាគ្មិនដដែលសង្កត់ធ្ងន់ថា កម្មវិធីនេះបានបញ្ជ្រាបនូវគុណតម្លៃស្នូលទាំង៣ដែលមានឧត្ដមភាព ការគោរព និងមិត្តភាពដល់សិស្សានុសិស្ស និងពន្យល់ពីអត្ថន័យនៃគុណតម្លៃទាំង៣ដែលពួកគេអាចយកគុណតម្លៃស្នូលទាំងនេះមកប្រើប្រាស់ក្នុងការសិក្សា និងជីវភាពប្រចាំថ្ងៃ។

លោក សោម សុទ្ធរិទ្ធិពង្ស បញ្ជាក់បន្ថែមថា ពីមួយឆ្នាំទៅមួយឆ្នាំ សិស្សានុសិស្សកាន់តែយល់ដឹងពីអត្ថន័យពីគុណតម្លៃអូឡាំពិក និងចាប់អារម្មណ៍ពីការប្រកួតកីឡាអូឡាំពិក និងការប្រកួតយុវជនអូឡាំពិករដូវក្ដៅ។

ចំណែកលោកស្រី ទ្រី រ៉ិច នាយិការរងវិទ្យាល័យព្រះស៊ីសុវត្ថិ បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចំពោះការមកផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិកធ្វើឱ្យសិស្សានុសិស្សកាន់តែយល់ដឹងពីអត្ថន័យនៃកីឡា៕

